Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ! បើ​អ្នកគ្រូ​ថា​អុីចឹង ចុះ​អ្នកមា​ន​ឡាន ផ្ទះ​វីឡា អ្នក​សម្ញែង​មាស​ពេជ្រ​ស្រុកខ្មែរ​រាល់​ថ្ងៃ សុទ្ធតែ​អ្នកមាន​ក្លែងក្លា​យ!?

ពិតណាស់ មនុស្សគ្រប់គ្នា ឲ្យតែឃើញគេមានឡាន មានផ្ទៃធំស្កឹមស្កៃ មានរបស់របរផ្សេងៗ នោះគិតថា អ្នកហ្នឹងហើយគឺជាមានស្តុកស្តម។ តែយ៉ាងណាមិញ បើវែកញែកឲ្យស៊ីជម្រៅទៅ នោះអ្នកមានឡាន ម៉ូតូ ផ្ទះ មាននេះមាននោះ គឺមិនប្រាកដថា អ្នកនោះជាអ្នកមានពិតនោះទេ។ ហេតុនេះ តើដូចម្តេចទៅ ជាអ្នកមានពិតប្រាកដ?។

ទាក់ទងរឿងគួរឲ្យចាប់អារម្មណ៍ខាងលើនេះ ស្រ្តីម្នាក់ដែលគេស្គាល់ថាជាអ្នកគ្រូ មេលិនដា បានធ្វើការវែកញែកឲ្យដឹងថា ទី១ «អ្នកមានក្លែងក្លាយ» បើទោះជាឃើញមានឡាន មានម៉ូតូ មានផ្ទៃធំស្កឹមស្កៃ មានអ្វីៗគ្រប់គ្រាន់ក៏ពិតមែន ប៉ុន្តែ ពួកគេនៅតែយកកម្លាំងកាយ យកពេលវេលា ទៅធ្វើការដើម្បីរកលុយមកដោះដូរ បង់រំលោះ ឬ មកសងរបស់អស់ហ្នឹង នោះគឺអ្នកនោះមិនមែនជាអ្នកមានទេ និងផ្ទុយទៅវិញ អ្នកនោះកំពុងមានបំណុលទៅវិញ ឬ អាចនិយាយមួយទៀតថា ប្រសិនបើអ្នកធ្លាក់ការងារ អត់ការងារធ្វើ ឬ ឈឺមិនអាចធ្វើការងារបាន ដើម្បីរកលុយទៅបង់ឲ្យក្រុមហ៊ុនដែលផ្តល់របស់អស់ហ្នឹង នោះគេនឹងដកហូតរបស់ហ្នឹងចេញពីអ្នកវិញតែម្តង ដូច្នេះ របស់អស់ទាំងហ្នឹង គឺមិនមែនជារបស់អ្នកទៀតឡើយ តែវារបស់ក្រុមហ៊ុន ឬ ធានាគារ សរុបសេចក្តីមក មានបែបនេះ គឺគេហៅថាអ្នកមានក្លែងក្លាយ។

ចំណែក «អ្នកមានពិតប្រាកដ» វិញ គ្រូអនឡាញរូបនេះ សូមធ្វើការបកស្រាយថា គឺជាមនុស្សម្នាក់ ដែលមិនយកកម្លាំងកាយ យកពេលវេលារបស់ខ្លួនឯង ទៅធ្វើការ ប៉ុន្តែ គឺនៅតែមានលុយហូរចូលមក នោះមានន័យថា អ្នកមានពិតប្រាកដ ទោះបីគេឈប់ធ្វើការ១ខែ ១ឆ្នាំ ២ ឆ្នាំ ឬ ៣ ឆ្នាំ ក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ចំណូលរបស់ពួកគេឡើយ។ សំណួរសួរថា ហេតុអ្វី បានជាមិនមែនផលប៉ះពាល់ដល់ពួកគេ? ចម្លើយគឺថា ពួកហ្នឹងគេមាន Passive Income ហេតុនេះ ទោះគេមានផ្ទះ មានឡាន មានអ្វីៗគ្រប់យ៉ាងក៏ដោយ ប៉ុន្តែ ពួកហ្នឹងអត់ប្រើកម្លាំងកាយ ឬ ពេលវេលា ទៅធ្វើការយកលុយសម្រាប់បង់របស់អស់ហ្នឹងនោះទេ ប៉ុន្តែ ពួកគេមានប្រាក់ចំណូលផ្សេងទៀត ដើម្បីបង់ថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃឡាន អស់ហ្នឹង។ សរុបមក ចង់ធ្វើ ឬ មិនធ្វើ គឺអត់មានផលប៉ះពាល់ដល់ពួកគេនោះទេ ព្រោះពួកគេមានប្រាក់ចំណូលអកម្ម (លុយចាំតែផលិតឲ្យ) ហើយបើពួកគេធ្វើ គឺមានតែបន្ថែមចំណូលកាន់តែកើនឡើង។

លើសពីនេះ គ្រូអនឡាញ មេលិនដា ក៏បានលើកឡើងបន្ថែមថា អ្នកមានពិតប្រាកដមួយទៀត គឺអ្នកនោះ មានសេរីភាពដើរហើរគ្រប់ពេលវេលា ចង់ធ្វើ ឬមិនធ្វើ គឺជាសិទ្ធិសេរីភាពរបស់គេ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×