Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តភក្តិបរទេស បានផ្តល់មតិឱ្យកម្ពុជា លក់ស្ថាប័នគយ ប៉ុន្តែសម្តេចរឹងរូស មានះការពារអធិបតេយ្យជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្តល់មតិនេះ ជាការផ្តល់ឱ្យលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង។

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទាក់ទងទៅនឹងរឿងគយនេះផងដែរ សម្តេចតេជោបានថ្លែងរំលឹកថា នៅក្នុងអំឡុងឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយនេះ ក៏ប៉ុន្តែសម្តេចមិនព្រម ដោយសម្តេចយល់ឃើញថា បើសិនជាលក់ស្ថាប័នគយនេះ វាស្មើនឹងការលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ដូច្នេះសម្តេចមិនយល់ព្រមទោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនោះ បើសម្តេចមិនប្តូរផ្តាច់ការពារទេស្ថាប័នទេ កម្ពុជា នឹងបាត់បង់ចំណូលរហូតដល់ទៅ៥០ភាគរយ ព្រោះតែសម្តេចរឹងរូស មានះការពារអធិបតេយ្យជាតិនេះហើយ ទើបធ្វើឱ្យបរទេសខ្លះ មិនពេញចិត្តសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើអ្វីក៏ដោយត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវយកទៅដោះដូរនឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ។ ការសម្ពោធអគាររដ្ឋបាលគយនាព្រឹកនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញនូវចំណែកមួយនៃការធ្វើទំនើបកម្មវិស័យគយរបស់កម្ពុជា។

សម្តេចតេជោបានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។

សម្តេចតេជោបានមានប្រសាសន៍បន្តថា វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ដែលយើងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងស្វែងរកសន្តិភាពបានដោយលំបាក។

ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។សម្តេចតេជោក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ សម្រាប់កិច្ចប្រឹងប្រែងប្រមូលពន្ធ។ នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៥ចំណុចដូចខាងក្រោម:
១- បន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឲ្យកាន់តែប្រសើរឡើង។
២- ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ ការងារកែទម្រង់ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សជាមួយនឹងការប្រើប្រាស់អោយបានច្រើននូវបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម។
៣- ត្រូវនៅបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយពេលបញ្ចេញទំនិញពីគយ។
៤- ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។
៥- ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់អំពើរត់ពន្ធ ដើម្បីរួមចំណែកបង្កើនចំណូល ការប្រកួតប្រជែងសម្រាប់ការលើកស្ទួយអនុលោមភាពសារពើពន្ធនៅកម្ពុជា ម្យ៉ាងទៀតដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ត្រូវពង្រឹកការរដ្ឋច្បាប់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរួមសហការជាមួយវិស័យពាក់ព័ន្ធ រួមជាមួយវិស័យឯកជនផងដែរ។

សម្តេចតេជោ បានថ្លែងថា រយៈពេល១១ ខែឆ្នាំ២០២១ ចំណូលគយរកបាន២ ០៥៥លានដុល្លារអាមេរិក ស្មើនឹង៨៧ភាគរយ ហើយបើគិតពេញមួយឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ អាចនឹងរកប្រាក់ចំណូលបានជាង២ ២០០លានដុល្លារ។ ចំណែកអគ្គនាយកដ្ឋានពន្ធដារវិញ នៅរយៈពេល១១ខែ ឆ្នាំ២០២១ រកចំណូលបាន ២ ៥៦០លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣ភាគរយនៃផែនការ។ បើគិតចំណូលទាំងគយ និងពន្ធដារ កម្ពុជាទទួលចំណូលបានជាង៤ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា សម្តេចបានកំណត់ឲ្យអង្គភាពប្រមូលចំណូល និងគ្រប់គ្រងចំណូលចំនួន៣ រួមមានអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវរាយការណ៍ពីស្ថានភាពចំណូលថវិកាជាតិ ជាប្រចាំថ្ងៃជូនសម្តេច ដើម្បីងាយស្រួយគ្រប់គ្រប ចំណូលរបស់ជាតិ។

សម្តេចេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តាមធម្មតាត្រូវវាយផ្ញើឲ្យខ្ញុំចំណូលពន្ធដារ ចំណូលគយ លុយនៅក្នុងរតនាគារជាតិ និងអត្រាប្តូរប្រាក់ យូរបំផុតម៉ោង៧យប់ ខ្ញុំបើកមើល។ ប៉ុន្តែក្នុងរង្វង់ម៉ោង៥ល្ងាច ទៅម៉ោង៦៖៣០ល្ងាច គឺ គុណ ញឹម, គង់ វិបុល ត្រូវវាយឲ្យខ្ញុំ ហើយនឹងផ្នែករតនាគារជាតិ។ ខ្ញុំត្រូវគ្រប់គ្រងឲ្យដឹង ពីចំណូលឡើងចុះ»។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ចំណូលដែលរកបាន ដោយស្ថាប័នប្រមូលចំណូលទាំងពីរនេះ គឺអាចឲ្យកម្ពុជាទ្រងទ្រង់ការចំណាយ របស់ប្រទេសកម្ពុជាបាន។

សម្តេចបញ្ជាក់ថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជាមាយាទស្ត្រីកញ្ជើធ្លុះនោះឡើយ គឺមានការគិតគូរយ៉ាងម៉ត់ចត់ ទាំងការប្រមូលចំណូល និងការចំណាយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ នូវការសោកស្តាយដែលពិភពលោក ក៏ដូចជាកម្ពុជាទទួលនូវការប៉ះពាល់ដោយសារកូវីដ១៩ ប្រសិនបើមិនមានកូវីដ១៩ទេ ចំណូលរបស់កម្ពុជាទទួលបានកំណើនខ្ពស់ជាប្រចាំ ហើយសម្តេចនឹងងាយស្រួល ប្រើប្រាស់ចំណូលទាំងនោះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ជាតិ ដោយមិនពឹងផ្អែកតែជំនួយ ឬប្រាក់កម្ចីពីបរទេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×