ភ្នំពេញ៖ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ នេះបើតាមលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបានពីឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីបោះឆ្នោតជ្រើសតាំង បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។
បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ដែលជ្រើសតាំងស្វែងរកការគាំទ្រ ពីសមាជិកគណៈកម្មាធិការកណ្តាលបក្សនាព្រឹកថ្ងៃនេះ គឺមានតែឯកឧត្តម ហ៊ុន ម៉ាណែត តែម្នាក់គត់ប៉ុណ្ណោះ។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល៧៧៥នាក់ លើបរិមាណរួម៨៦៥រូប បានបោះឆ្នោតជាឯកឆន្ទគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តមហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










