Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិចារណកថា ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនដ៏ស័ក្ដិសមជាងគេបំផុត សម្រាប់តំណែងនាយករដ្ឋមន្ត្រី

spot_img

” ជយោ ! ការប្រកាស ២ ធ្នូ ព្រះសីហនុ “

ភ្នំពេញ ៖ ព្រឹត្តិការណ៍ដ៏កក្រើករញ្ជួយក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងបណ្ដាញសង្គមនានា ( Facebook, Youtube, Tik tok , WeChat, Twitter, Instagram…) បានកើតឡើងតាំងពីដើម ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ នោះគឺ ” សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដ៏ចាស់វស្សា, នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ផ្កាយមាស ៥ ផុតលេខ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងប្រកាសជាសាធារណៈ នាថ្ងៃ ២ ធ្នូ នៅឯក្រុងព្រះសីហនុ ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា ដោយត្រូវឆ្លងកាត់តាមដំណើរការបោះឆ្នោត ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ” ។

ការប្រកាសជាសាធារណៈបែបនេះធ្វើឡើងចំថ្ងៃដែលមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រនយោបាយកម្ពុជា ពោលគឺ ២ ធ្នូ ២០២១ ជាខួបអនុស្សាវរីយ៍លើកទី ៤៣ នៃការបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសព្វថ្ងៃ មានឈ្មោះថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មាន សម្ដេចពញាចក្រី ហេង សំរិន ជាប្រធាន ហើយថ្ងៃ ២ ធ្នូ នេះ ក៏ត្រូវបានគណបក្សប្រជាជនកម្ពុជា កំណត់យកនៅក្នុងប្រការ ២ នៃបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនថា ជាបុណ្យផ្លូវការរបស់គណបក្សក្នុងចំណោមបុណ្យផ្លូវការចំនួន ៤ ។

ការនិយាយតពីមាត់មួយទៅមាត់មួយក្នុងចំណោមមហាជន ប្រជាជនកម្ពុជា ហើយជួនកាលយើងបានឃើញ នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ឬជួនកាលក្នុងមជ្ឈដ្ឋានអ្នកការទូតបរទេសផងនោះ ថា ឯកឧត្តម ហ៊ុន ម៉ាណែត មានសក្ដានុពល និងទេពកោសល្យគ្រប់គ្រាន់ ដើម្បីបន្តកាន់តំណែងឪពុករបស់លោកនោះ ឥឡូវត្រូវបានបង្ហាញថា ” ផ្លូវទៅកាន់តំណែងនោះនៅមិនឆ្ងាយប៉ុន្មានឡើយ ” ។

ការប្រកាសជាសាធារណៈនូវជំនាន់បន្តវេនលោកពីសំណាក់ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា តេជោ ហ៊ុនសែន បានទទួលការគាំទ្រភ្លូកទឹកភ្លូកដីជាស្រេចហើយ កាលពីថ្ងៃសុក្រ ទី៣ ខែធ្នូ កន្លងមក គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីការប្រកាស ២ ធ្នូ ក្រុងព្រះសីហនុ, ហើយការគាំទ្រដ៏រឹងមាំថែមទៀតនោះ គឺពីសំណាក់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចំនួន ៣៥រូប ដោយមានការចុះហត្ថលេខាដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងនាមជាអ្នកជំនួសឲ្យគណៈអចិន្ត្រៃយ៍នៃគណបក្ស និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សម្ដេច សាយ ឈុំ ចាស់ទុំ និយមវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ពីយូរលង់ណាស់មកហើយ បានសរសេរនៅក្នុងសេចក្ដីប្រកាសគាំទ្រដែលមានខ្លឹមសារដើមថា ” សូមកោតសរសើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប មានគ្រប់លក្ខណសម្បត្តិមានការសិក្សាជ្រៅជ្រះ ខ្ពង់ខ្ពស់ ទេពកោសល្យ ភាពជាអ្នកដឹកនាំ មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្មេងចាស់ និងមន្ត្រីរាជការ មានសុច្ឆន្ទៈដើម្បីជាតិមាតុភូមិ នឹងត្រូវបានអ្នកផងទាំងពួងគោរពស្រឡាញ់។ សម្ដេច សាយ ឈុំ បានសរសេរគាំទ្រទៀតថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាជំនឿទុកចិត្ត និងក្ដីសង្ឃឹមយ៉ាងមុតមាំ ” ពិតជាឥស្សរជនដែលស័ក្ដិសមជាអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ” ។

ចាប់តាំងពីចុងឆ្នាំ២០១៧មក កេរ្ដិ៍ឈ្មោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានទទួលការលើកតម្កើង កោតសរសើរ ពីសំណាក់សារព័ត៌មានដ៏ល្បីមួយចំនួននៅក្នុងតំបន់ និងសារព័ត៌មានពិភពលោកផងដែរ ដូចជា ទូរទស្សន៍សិង្ហបុរី កាសែតហ្វីលីពីន វៀតណាម អាមេរិក បារាំង អង់គ្លេស បានហៅទុករួចជាស្រេចហើយថា ” គាត់ស័ក្ដិសមបំផុតជាអ្នកបន្តវេនពីឪពុក ដោយសារគាត់ជាបុរសទំនើបនិយម ទាន់សម័យកាល មានការសិក្សាខ្ពង់ខ្ពស់ ជ្រៅជ្រះ ព្រមទាំងស្គាល់ចិត្តថ្លើមប្រជាជនកម្ពុជាច្បាស់លាស់ ដោយកាត់ទៅរកម្ដាយ-ឪពុកគាត់ ” ។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលប្រសូតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម មានរូបរាងសង្ហាកាត់ទៅរកជីតាខាងឪពុក និងឪពុករបស់គាត់ មានកម្ពស់ ១,៦៨ម៉ែត្រ បានក្លាយជាកូនប្រុសច្បងនៅក្នុងគ្រួសារនាយករដ្ឋមន្ត្រីខ្មែរ បន្ទាប់ពីបងប្រុស ហ៊ុន កំសត់ បានស្លាប់ភ្លាមៗក្នុងរបប ប៉ុល ពត ព្រោះតែភាពធ្វេសប្រហែសរបស់ឆ្មបដ៏អប្រិយ ក្រោយពីប្រសូតនៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ដោយមិនទាន់ទាំងមានឈ្មោះនៅឡើយ។

បណ្ឌិត ហ៊ុន ម៉ាណែត អតីតសិស្សសាលានាយទាហាន West Point សហរដ្ឋអាមេរិក បណ្ឌិតសេដ្ឋកិច្ចមកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស, មានប្រវត្តិសិក្សាជាសិស្សពូកែ ឆ្នើម , លោកចូលចិត្តអានសៀវភៅទស្សនវិជ្ជា, ប្រវត្តិសាស្រ្ត យោធា និងសេដ្ឋកិច្ច, មានភរិយា គឺលោកជំទាវ ពេជ្រ ច័ន្ទមុនី នៃត្រកូលបញ្ញវន្តខ្មែរជាតិនិយម មកពីខេត្តស្វាយរៀង និងមានបុត្រ-បុត្រធីតា ៣រូប។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ ហៅក្រុមគ្រួសារតូចរបស់លោកថា ” គ្រួសារខ្មែរដ៏គម្រូបែបទំនើប ទាន់សម័យកាល ” ។

នៅក្នុងសៀវភៅក្រោមចំណងជើងថា ” បុរសខ្លាំងនៃកម្ពុជា ” (Strongman of Cambodia) ដែលនិពន្ធដោយ សហអ្នកនិពន្ធ ហារីស មេតា និង ជូលី មេតា អ្នកជំនាញខាងកិច្ចការស្រាវជ្រាវនយោបាយនាតំបន់អាស៊ីអាគ្នេយ៍ លោក ហ៊ុន ម៉ាណែត ដែលកាលនោះ លោកអាយុទើបបាន ២៦ឆ្នាំ បានថ្លែងប្រាប់អ្នកនិពន្ធថា ” មនុស្សមួយចំនួនគិតថា ខ្ញុំនឹងអាចក្លាយទៅជា… ព្រោះខ្ញុំជាកូនប្រុសរបស់ឪពុកខ្ញុំ (ហ៊ុន សែន) ហើយថា ខ្ញុំចង់បានអ្វីក៏បានដែរ ឱ្យតែខ្ញុំចង់ ប៉ុន្តែវាផ្ទុយទៅវិញទេ គឺខ្ញុំត្រូវខិតខំដោយខ្លួនឯង ធ្វើការដោយម៉ត់ចត់ សុចរិតបំផុត… ” ។

លោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលចេះនិយាយ និងសរសេរភាសាខ្មែរបានជ្រៅជ្រះជាងជនជាតិខ្មែរខ្លះទៅទៀតនោះ បានរៀបរាប់ពីបុគ្គលិកលក្ខណៈរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានប្រាស្រ័យទាក់ទងជាមួយនឹងអនាគតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះមក គឺបានរៀបរាប់ថា ” លោក ហ៊ុន ម៉ាណែត ជាបុរសស្ងប់ស្ងៀម ធ្វើសកម្មភាពប្រកបដោយចក្ខុវិស័យវែងឆ្ងាយ គាត់ចូលចិត្តប្រើភាសាខ្មែរសាមញ្ញ ដូចជាពាក្យថា មិនយូរមិនឆាប់… វាគង់តែនឹង, លោកគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលឋានន្តរស័ក្ដិ ជា ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ នៅ ខែមករា ឆ្នាំ២០១១ ក្រោយបញ្ចប់ការសិក្សាពីសាលានាទាហាន West Point ២-៣ឆ្នាំ និងស្ថិតនៅក្នុងជួរកងទ័ពអស់ពេលជាច្រើនឆ្នាំ ហើយគាត់បានឡើងប៊ុនស័ក្ដិដល់ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាពេលបច្ចុប្បន្ន។ ទាំងនេះ គឺអាស្រ័យដោយគាត់ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបម្រើកងយោធពលខេមរភូមិន្ទ ដែលគាត់ធ្លាប់ប្រកាសថា គាត់ស្រឡាញ់អាជីពកងទ័ពនេះយ៉ាងខ្លាំងសម្បើម តាំងពីគាត់នៅក្មេងរៀននៅឯបឋមសិក្សាចតុមុខមកម្ល៉េះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចៅប្រុសនៃត្រកូលគ្រួសារកសិករខ្មែរ មកពីស្រុកស្ទឹងត្រង់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ឬខេត្តត្បូងឃ្មុំ បច្ចុប្បន្ន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលមានអាយុតិចជាងគេ ជាអនុប្រធានគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន ដ៏មានឥទ្ធិពលក្នុងកិច្ចការនយោបាយរបស់បក្សកាន់អំណាចមួយនេះ, ប្រធានយុវជនថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា, អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក, ឧត្តមស្វាមីនៃអង្គការមនុស្សធម៌ធីតា, អ្នកដឹកនាំដ៏ក្លាហានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់មូលនិធិកម្ពុជា ប្រឆាំងកូវីដ-១៩ ដែលមាន លោក ហោ សិរីវឌ្ឍន៍ ជាប្រធាន បានធ្វើសកម្មភាពដឹកនាំ បញ្ជាការ តាមលក្ខណៈខ្លឹមសារបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ បានយ៉ាងច្រើនសម្បើមណាស់មកហើយ។

មកទល់នឹងពេលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំង លោកជំទាវភរិយាគាត់ មេដឹកនាំអង្គការមនុស្សធម៌ធីតា កាយឫទ្ធិនារីកម្ពុជា កាន់តែទទួលបានការគោរពស្រឡាញ់ច្រើនឡើងៗពីសំណាក់ប្រជាជនកម្ពុជាទូទៅ ពីមន្ត្រីរាជការ ពីកងកម្លាំងប្រដាប់អាវុធ ពីប្រជាជនដែលពើបប្រទះនឹងការលំបាក ដោយជីវភាពរស់នៅ ជំងឺតម្កាត់ផ្សេងៗ ពិសេស រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្ម ក្លៀវក្លា ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ស័ក្ដិសមនឹងទទួលបាននូវគោរមងារដ៏ថ្លៃថ្លា ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈបំផុត សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅមុន ឬក្រោយបន្តិច ដែលគាត់ក្លាយទៅជានាយករដ្ឋមន្ត្រី និងស្ត្រីទី១ផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យឥស្សរជនទាំងទ្វេនៃកម្ពុជាយើង កាន់តែស័ក្ដិសមក្នុងមុខតំណែងជាមេដឹកនាំជាតិ បានបម្រើជាតិតាមខ្លឹមសារពេញចិត្តជាតិខ្មែរយើងនោះ គឺ ” ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព របស់ប្រជាជន និងការគោរពច្បាប់ ” ។ ទាំងនេះ ក៏ជាឧត្តមគតិចម្បងរបស់ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងជាអនាគតនៃឪពុកនាយករដ្ឋមន្ត្រីថ្មីផង៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×