ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបន្តបង្ហាញលទ្ធផល នៃការងារចុះត្រួតពិនិត្យបង្គោល ការលើកបង្គោល និងការដាំបង្គោលឡើងវិញ នៅតំបន់បឹងទន្លេសាបជុំខេត្តទាំង៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។
យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមនៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សហការជាមួយអាជ្ញធរមូលដ្ឋាន សម្រេចបានការបោះបង្គោលព្រំតំបន់៣ និងលើកប៉ាណូ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម ៖
១.បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៦៧៤ លើ៨០២បង្គោល (យោងអនុក្រឹត្យលេខ១៩៧) ស្មើនឹង ៨៤% ។
២.ក្រុមការងារបានលាបថ្នាំលើក្បាលបង្គោល លើកតម្រង់បង្គោល និងដាំបង្គោលថ្មី បានចំនួន ៣៧៣ ស្មើនឹង ៤៦,៥%នៃបង្គោលសរុប ។
៣.ចំនួនបង្គោលបានចុះពិនិត្យដល់ទីតាំង ដែលបានបាត់ និងលិចក្នុងទឹកមាន ៣០១បង្គោល ស្មើនឹង ៣៧,៥% នៃបង្គោលសរុប ។ បង្គោលទាំងនេះ កំពុងដាំជាបណ្តើរៗ ឯបង្គោលមួយចំនួនទៀតនឹងបន្តដាំនៅពេលទឹកស្រក ។
៤.រីឯបង្គោលកំពុងបន្តចុះពិនិត្យមាន ១២៨បង្គោល ស្មើនឹង ១៦,០% នៃបង្គោលសរុប ។
៥.ការងារលើប៉ាណូសម្រេចបានចំនួន ២៨កន្លែង លើផែនការ ៥២កន្លែង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

























