Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឡាវ សង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៅលើគ្រប់វិស័យ ហើយប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ នោះទេ កម្ពុជាពិតមានសន្ទុះ នៃការរីកចម្រើនយ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន

spot_img

ភ្នំពេញ៖ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអាណត្តិបេសកម្មការទូត ឯកឧត្តមបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យ ហើយប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ នោះទេ កម្ពុជាពិតមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាក្រកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះ ឯកឧត្តម អាំផៃ គីនដាវង់ ដែលបានបញ្ចប់ បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងឡាវ។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរបានរៀបចំការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៃប្រទេសទាំងពីរ និងទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា។

ជាកិច្ចឆ្លើយតប ឯកឧត្តម អាំផៃ គីនដាវង់ បានថ្លែងអំណរគុណជាពិសេសជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានទទួលជួបសវនាការរបស់លោក នៅក្នុងពេលវេលាដ៏មមាញឹកនេះ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាមូលដ្ឋានដ៏យ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យបេសកកម្មការទូតរបស់ លោកនៅកម្ពុជា ទទួលបានជោគជ័យ។

ឯកឧត្តម អាំផៃ គីនដាវង់ បានគូសបញ្ជាក់ថា ក្នុងអាណត្តិបេសកម្មការទូត ឯកឧត្តមបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យ ហើយប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ នោះទេ កម្ពុជាពិតមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងកោតសរសើរថា កម្ពុជាជាប្រទេសដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារការទូត ដោយម្យ៉ាងប្រជាជនកម្ពុជាមានសមានចិត្តល្អ និងរួសរាយរាក់ទាក់ និងម្យ៉ាងទៀតមានការគាំទ្រនិងសហការល្អពីថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់។ ឯកឧត្តម អាំផៃ គីនដាវង់ ពិតជាមានក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលមានឱកាសបានបំពេញបេសកម្មការទូត និងរស់នៅកម្ពុជាជាងបីឆ្នាំនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ការផ្តល់ជំនួយដ៏ថ្លៃថ្លាជូន ប្រទេសឡាវ រួមមាន ថវិកា វ៉ាក់សាំងកូវីដ-១៩ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នាពេលថ្មីៗនេះ។

ភាគីទាំងពីរក៏បានលើកឡើងផងដែរ អំពីបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាចំណាប់ អារម្មណ៍រួម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណឡាវ ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ប្រកបដោយជោគជ័យកាលពីពេលថ្មីនេះ និងចំពោះតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×