Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ក្តៅខ្លួន ក៏អនុញ្ញាតឲ្យប្រឡង គ្រាន់តែដាក់ ឲ្យនៅដាច់ដោយឡែកពីគេ

ភ្នំពេញ ៖ ក្នុងបរិបទកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនូវឡើយ ប៉ុន្តែឆ្នាំនេះការប្រលងបាក់ឌុបនឹងដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជន ក្តៅខ្លួន ក៏ដោយ បេក្ខជនរូបនោះ នៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២១ នេះ ក្រោមវត្តមានឯកឧត្តមនួន ផារ័ត្ន ,ឯកឧត្តមកើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌចំនួន ១០នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមលោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ។ ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជម្ងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ ឯកឧត្តមក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស ,កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅបរិវេណសាលារៀន ឲ្យបានល្អប្រសើរ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍ ។ លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ដើម្បីធានាសុវត្ថិភាព នៃការប្រឡងនេះ ទទួលបាននូវភាពជោគជ័យ។ បន្ថែមពីនេះត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មាន ក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាត ចំពោះការបើកអាជីវកម្មនៅក្បែរសាលា ពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។

ឯកឧត្តមនួន ផារ័ត្ន បានបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាពដែលក្តៅខ្លួនខ្លាំង ក៏យើងមិនឲ្យពួកគាត់ ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សាបេក្ខជននោះឲ្យនៅប្រឡងដដែល ដោយយើងគ្រាន់តែដាក់ពួកគាត់ ឲ្យនៅដាច់ដោយឡែកពីគេឯង។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡង នៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រឡងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់ ។ ចំពោះទីតាំងផ្ញើយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយក លុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្រាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះ ដោយមិនយកប្រាក់ពីបេក្ខជន។

ចំណែកក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងផងដែរថា គណៈមេប្រយោគទូទាំងប្រទេស បើកកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត ស្ដីពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ កិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស ជាមួយគណៈអភិបាលរាជធានី-ខេត្ត ទាំង ២៥ ស្ដីពីការ រក្សាហឹបវិញ្ញាសាប្រឡងការរៀបចំ សន្តិសុខសុវត្ថិភាព នៅតាមមណ្ឌល សំណេរ នៃរាជធានី-ខេត្ត នីមួយៗ ដែលត្រូវបានជ្រើសរើស សម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង៖ ២៧ ធ្នូ ២០២១។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាល រាជធានី ខេត្ត ដើម្បីបង្ហាញពីយន្តការនៃការប្រឡង និងស្នើសុំកិច្ចសហការ ពីសំណាក់អាជ្ញាធរ ទាំង២៥ រាជធានី-ខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការ សំណេរ ប្រព្រឹត្តទៅដោយភាពរលូន ព្រមទាំងអនុវត្តតាមគន្លងថ្មីក្រោមបរិបទនៃជំងឺកូវីដ-១៩។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះថ្នាក់ដឹកនាំ តាមបណ្ដារាជធានីខេត្ត ដែលផ្តល់ការទំនុកបម្រុង គាំទ្រយ៉ាងកក់ក្ដៅ ចំពោះប្អូនៗសិស្សានុសិស្ស ដែលត្រៀមខ្លួនក្នុងការប្រឡង។

ហឹប​វិញ្ញាសា​​សម្រាប់​ដំណើរ​ការ​សំណេរ​នៃ​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង៖ ២៧ ធ្នូ ២០២១ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅតាម​រដ្ឋបាល​សាលា​​រាជធានី-ខេត្ត​​ប្រកប​ដោយ​សុវត្ថិភាព​ហើយ។
ក្នុង​ដំណើរ​ការ​នៃ​ការ​ទុក​ដាក់​ហឹប​វិញ្ញាសា​នេះ​ ​មានការ​ចូលរួម​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ដោយ​​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ពី​សំណាក់ ​​គណៈមេ​ប្រយោគ គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស អនុគណៈកម្មការអប្បមាទទូទាំង​ប្រទេស ព្រមទាំង​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ ដើម្បី​រក្សា​បាន​នូវ​ស្តង់​ដា​នៃ​ការ​ប្រឡង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។ ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានពង្រឹងកិច្ចសហការ យ៉ាងស្អិតរមួត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៧ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×