ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយចំពោះករណីប្លន់ប្រដាប់អាវុធ ទៅលើអ្នកលក់ឡេល្បីឈ្មោះមានងារជាជំទាវឧកញ៉ា អ៊ាន សៀវម៉ី កាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដែលជាផែនការដឹកនាំដោយផ្ទាល់ពីសំណាក់លោក វិល្លាម គ័ង មេបក្សខ្មែរក្រោកស្ទើរតែមិនគួរឲ្យជឿ។
តែទោះជាយ៉ាងណា បន្ទាប់ករណីប្លន់នេះបានកើតឡើង១ថ្ងៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិកម្មការចូលចាប់ឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះ ស្ថិតនៅផ្ទះវីឡារបស់លោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេក្លោងសមគំនិតក្នុងករណីចោរប្លន់នេះ ហើយក្នុងនោះ សមត្ថកិច្ចប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ផងដែរ។
ដោយឡែក នៅពេលនេះ បើតាមចម្លើយសារភាពរបស់លោក វិល្លាម ដែលជាមេក្លោងដឹកនាំផែនការប្លន់នេះ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលខ្លួន និងបក្ខពួកចេញប្លន់អ្នកលក់ឡេ អ៊ាន សៀវមី គឺដោយសារសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ខ្លាំង ក្នុងការទ្រទ្រង់ជីវភាពនិងបក្ស។ ក្នុងនោះ លោកបានទម្លាយឲ្យដឹងឥតលាក់លៀមថា តាមពិត ខ្លួនគ្មានអ្វីជាដុំកំភួននោះទេ ដោយផ្ទះជួលគេ១ខែ២៥០០ដុល្លារ ឡានបង់រំលោះ មុខរបរផ្សេងៗគ្មានចំណូលទេ (ក្ស័យធនទាំងអស់) ខណៈបុគ្គលិកកំពុងដាច់បាយ។
តែដោយឡែក នៅពេលសួរថា ហេតុអ្វីបានជាប្លន់អត់យកលុយ លោក វិល្លាម ក៏បានឆ្លើយបែបនេះថា បើតាមទស្សនវិជ្ជានៅលើពិភពលោក នោះករណីដ៏ចម្លែកនេះ គេហៅថាឆ្គួត។ តែទោះយ៉ាងណា លោកថា ការប្លន់នេះ គឺជាការព្រមានទៅកាន់អ្នកមាន កុំអួតពេកថ្ងៃក្រោយអានេះពួកសម្ញែង។
មេបក្សខ្មែរក្រោកក្លាយជាមេក្លោងចោរប្លន់រូបនេះ ក៏បានប្រាប់យ៉ាងរំភើយគួរឲ្យអស់សំណើចទៀតថា តាមពិតទៅ ខ្សែកស្វារ៉េទាំងនោះ យ៉ាងហោចប្រហែល ២លី ២លីកន្លះ អីហ្នឹង អស់ហើយ (ចូលប្រហែល១ពាន់គ្រាប់) ។ ហើយបើលក់ក្នុងទីផ្សារវិញ ក្រៅពីម្ចាស់គេហ្នឹង លក់គ្មានបានប៉ុន្មានទេ… សរុបទៅ គ្រឿងអលង្កការគ្មានសំបុត្រទាំងអស់នេះ លក់នៅលើទីផ្សារគ្មានបានប៉ុន្មានទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











