តាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសចោរលួច ឆក់ ប្លន់បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន។

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរ ដោយលោកស្នងការរង និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញបន្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង និងអធិការដ្ឋាននគរបាលស្រុកបូរីជលសារ។
មានមតិសំណេះសំណាលនាឱកាសនេះលោក ឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រើនរំលឹកណែនាំបន្ថែមដល់លោកអធិការទាំងពីរស្រុក ក៏ដូចជាមន្ត្រីនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកទ្រាំង និងស្រុកបូរីជលសារ ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើនការចេញល្បាតចល័តជាប្រចាំ ត្រូវផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានពីព្រោះរដូវនេះជារដូវក្តៅ មានខ្យល់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ត្រូវពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។

បន្ថែមលើសពីនេះទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសចោរលួច ឆក់ ប្លន់បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួមឲ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ-១៩(COVID-19) អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ(៣កុំ និង៣ការពារ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តការ ពិនិត្យអគារធ្វើការរបស់អធិការដ្ឋាននគរបាលទាំងពីរស្រុក និងត្រៀមឡានទឹកជានិច្ច ដើម្បីបង្ការទប់ស្កាត់ ពេលមានករណីគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





