ភ្នំពេញ ៖ មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ លោក កែវ សារ៉ាត់ បានបើកភ្លើងខៀវ ឬបើកដៃឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ យ៉ាងអានាធិបតេយ្យ។ ដោយមានការបើកដៃពីលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ទើបលោក កែវ សារ៉ាត់ ប្រព្រឹត្តអំពើពុករលួយបែបនេះ។

ប្រភពដដែលបានបន្តថា ឈ្មួញឈ្មោះ សន សារ៉ាត់ប៊ុនកេត ដឹកជញ្ជូនម្ទេសពីវៀតណាម ឆ្លងកាត់ស្រុកខ្មែរ ឆ្លងដែនចូលទៅដល់ទឹកដីថៃ តាមច្រកទ្វារអន្តរជាតិជាំ ដោយរលូន គឺមានការបើកភ្លៀងខៀវលោក កែវ សារ៉ាត់។ បើគ្មានការបើកដៃពីលោក កែវ សារ៉ាត់ ទេនោះ ឈ្មួញឈ្មោះ សន សារ៉ាត់ប៊ុនកេត នេះមិនអាចដឹកជញ្ជូនម្ទេសស្រស់ពីវៀតណាមទៅថៃ តាមច្រកទ្វារអន្តរជាតិជាំបានឡើយ។
ចំណែកមន្ត្រីគយខេត្តឧត្តរមានជ័យបានឲ្យដឹងថា អំពើពុករលួយរបស់លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ឈុន សុភមង្គល ផងដែរ។ ហេតុនេះហើយទើបលោក ឈុន សុភមង្គល បណ្តែតបណ្តោយឲ្យលោក កែវ សារ៉ាត់ ធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ ពីការរិះគន់អ្វីទាំងអស់ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះ មន្ត្រីគយខេត្តឧត្តរមានជ័យបានសំណូមពរឲ្យលោក គុណយ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគនិងរដ្ឋាករកម្ពុជា ពិនិត្យមើលករណីនេះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ ត្រូវរ៉ូវគ្នាប្រព្រឹត្តអំពើពុករលួយ។
ទាក់ទងករណីនេះ លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ មិនអាចសុំការអត្ថាធិប្បាយបានទេ៕
រក្សាសិទ្ធិដោយ ៖ ចេស្តារ



