Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា សំណូមពរ ៩ចំណុច ដល់បេក្ខជន ដែលត្រៀមប្រឡងបាក់ឌុប

ភ្នំពេញ ៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានសំណូមពរ ៩ចំណុច ដល់បេក្ខជនដែលត្រៀម ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
សំណូមពរទាំង ៩ចំណុច របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានដូចជាៈ

១. ទៅកាន់មណ្ឌលប្រឡងរៀងៗខ្លួន នៅថ្ងៃស្អែកទី២៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៩ព្រឹក ដើម្បីពិនិត្យមើលឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងទទួលស្ទីកឃ័រសុខភាពបញ្ជាក់ថា មានកំដៅធម្មតា
២. រៀបចំទឹក ម៉ាស់ អាល់កុលលាងដៃ យកទៅមណ្ឌលប្រឡង

៣. កុំយកដៃសើម (ដោយសារអាល់កុលលាងដៃជាដើម) ប៉ះពាល់សន្លឹកកិច្ចការប្រឡងដែលអាចបណ្ដាល ឲ្យមានស្លាកស្នាមលើសន្លឹកកិច្ចការ ក្នុងដំណើរការសំណេរ
៤. បន្តអនុវត្តផែនការបុគ្គលត្រៀមប្រឡងបាក់ឌុបរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលសមតាមការខិតខំប្រឹងប្រែង

៥. តាំងចិត្តឲ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជាតាមការតាំងសមាធិជាដើម
៦. ញ៉ាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល
៧. បន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន

៨. ចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព ជាពិសេសអនុវត្ត៣ការពារ ៣កុំ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គល និងគ្រួសារ
៩. បង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរតាមដងផ្លូវ ដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១១៤ ១៨៣នាក់ (ស្រី៦០ ៣៩៧នាក់)។ បេក្ខជន ត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២០៤មណ្ឌល ត្រូវជា ៤,៦១៦បន្ទប់។ មណ្ឌលកំណែសម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×