Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការ ក្រសួងការពារជាតិ នាថ្ងៃទី២៩ ធ្នូ

spot_img

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

បើយោងតាមហ្វេសប៊ុករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យ ចុងក្រោយលើការងារត្រៀមរៀបចំ គ្រប់ផ្នែកសម្រាប់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា: អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ដែលមានរៀបចំកសាងសាលប្រជុំធំផងនោះ មានទទឹងប្រវែង ២៨ម៉ែត្រ បណ្ដោយប្រវែង ១៩១ ម៉ែត្រ មានកម្ពស់ ៣២ ម៉ែត្រ និងមានចំណតរថយន្ត នៅក្រោមដីដែលអាចចតរថយន្តបានរហូតដល់ទៅ ១៥០ គ្រឿង ។ អគាររដ្ឋបាល នៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ មានរៀបចំកន្លែងទទួលបដិសណ្ឋារកិច្ច គ្រប់បណ្ដាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពលកងកិត្តិយស ត្រែទ័ព នៅក្នុងអាគារតែម្ដង បើទោះបីជាមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ អគារថ្មីនេះ ក៏មានរៀបចំបន្ទប់ប្រជុំតូច ធំ បន្ទប់សវនាការតូច ធំ ទីវាលសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលអាចទទួលអ្នកចូលរួមប្រជុំបានរហូតដល់ ១ ពាន់នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ ។ អគាររដ្ឋបាលនៃក្រសួងការពារជាតិថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ អគានេះ បើតាមគម្រោងផែនការសាងសង់មានរយៈពេល ៣៦ ខែ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ។ ប៉ុន្តែដោយសារពិភពលោក ទាំងមូល ពិសេសព្រះរាជាណាចក្រកម្ពុជា ជួបនូវវិបត្តិជំងឺកូវីដ១៩ ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ ខែបន្ថែមទៀត ដូច្នេះការដ្ឋានត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១កន្លងមកនេះ ទើបបានបញ្ចប់ការសាងសង់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×