ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញតួលេខនៃទំហំវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌល ជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិ ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ សណ្ឋាគារសូហ្វ៊ីតែលភ្នំពេញភូគីត្រា។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ធ្វើឡើងក្នុងគោលបំណងពង្រឹង ការជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ពុជា-ចិន និង ផ្តល់ឱកាសជូនក្រុមហ៊ុនវិនិយោគចិន ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនវិនិយោគកម្ពុជា។
លោកបានបន្តថា វេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយ រៀបចំឡើងស្របពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបលើកទី៦០ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូត ដែលកាន់តែមានភាពរឹងមាំ និងពង្រីកវិសាលភាព នាពេលបច្ចុប្បន្ន។
វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨នេះ មានការចូលរួមពីតំណាង មកពីរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរ ប្រមាណ ១៥០នាក់ ហើយវេទិកាបានប្រព្រឹត្ត ទៅតាមកម្មវិធីដូចបានគ្រោងទុក រួមមាន៖ កម្មវិធីសប្បុរសធម៌ កម្មវិធីផ្គូផ្គូង គម្រោងវិនិយោគ និងកិច្ចសន្ទនាកម្រិតខ្ពស់ ដែលមាន តំណាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ សភាពាណិជ្ជកម្មកម្ពុជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ចូលរួមថ្លែងសុន្ទរកថាខ្លី និងពិភាក្សាលើគោលនយោបាយ និងកិច្ចសម្រួលពាក់ព័ន្ធនឹងការវិនិយោគតាមវិស័យដែលជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥,៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ សម្រាប់ក្នុងឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦,៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥ភាគរយ បើធៀបនឹងទុនវិនិយោគសរុបប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ តួលេខវិនិយោគក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជាទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រចអនុញ្ញាតឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើគម្រោងថ្មីចំនួន ៣៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណជាង ៤០០លានដុល្លារអាមេរិក។ កំណើននៃទុនវិនិយោគនេះ បានបង្ហាញអំពីភាពជឿជាក់ របស់អ្នកវិនិយោគចិន ទៅលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីមិត្តភាពជាប្រពៃណី ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគីរហូត ដល់កម្រិតកំពូលមួយ គឺ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឈរលើមូលដ្ឋាននេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានបន្ត៖ ១៖ពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ២៖ ការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្មរវាងប្រទេសទាំងពីរ តាមរយៈការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្ម និងអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការជំរុញ គម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្មគន្លឹះរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។ ៣៖ ការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នា រវាងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិ នៃផែនការ៥ឆ្នាំ លើកទី១៣ របស់រដ្ឋាភិបាលចិន ជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ-កម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ