រឿងរ៉ាវលែងលះដាច់ស្រឡះ រវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា នៅពេលនេះ ហាក់បង្ហាញសញ្ញាស្ងប់ស្ងាត់ លែងហែកហួរ នាំរឿងក្តៅក្រហាយចំពោះគ្នាទៀតឡើយ ពោលគឺបន្ទាប់អ្នកនាង ដេត ម៉ាលី បានយល់ព្រមទៅស្បថស្បែគ្រប់បែបយ៉ាងនៅមុខព្រះអង្គដងកើ ទៅតាមសំណើររបស់អតីតស្វាមី បង្កឲ្យមានការភ្ញាក់ផ្អើលពេញមុខវាំង កាលពីអំឡុងខែវិច្ឆិកា កន្លងទៅនេះ។
តែទន្ទឹមនឹងនោះផងដែរ មហាជនក៏សម្តែងក្តីបារម្ភថា បើដល់ថ្នាក់ ដេត ម៉ាលីណា សុខចិត្តចេញមុខស្បថជាសាធារណៈស្តែងៗបែបនេះ នោះលោក ឌួង ឆាយ ប្រហែលកាន់តែលែងបានជួបមុខកូនៗដូចមុនទៀតហើយ មើលទៅ។ តែទោះជាយ៉ាងណា ក្រោយកើតមានព្យុះភ្លៀងឡើងក្តៅគគុក ក្នុងរយៈពេល១ខែចុងក្រោយនេះ ស្រាប់តែនៅថ្ងៃបុណ្យអូណែល មហាជនពិតជាមានការភ្ញាក់ផ្អើល និងសម្តែងក្តីរំភើបជំនួសជាខ្លាំង ក្រោយបានឃើញលោក ឌួង ឆាយ នាំកូនៗប្រុសស្រីទាំងបីនាក់ មកលេងផ្ទះខ្លួនក្រោមទិដ្ឋភាពលោក ឌួង ឆាយ និងម្តាយបង្កើត ពិតជារីកមុខយ៉ាងខ្លាំង និងពោរពេញក្តីសុខ។
ក្នុងនោះលោក ឌួង ឆាយ ក៏បាននិយាយពាក្យប៉ុន្មានម៉ាត់ ក្នុងឱកាសបានជួបកូនៗថា៖ “រីករាយ ថ្ងៃបុណ្យណូអែល ជាមួយកូនៗ។ សូមគោរពអរគុណ ឯកឧត្តមតាំង ស៊ុន ឡាយ ប្រធានតុលាការរាជធានីភ្នំពេញ ដែលបានផ្តល់ឲ្យខ្ញុំបាទ បានជួបកូនៗ រៀងរាល់ ថ្ងៃសៅរ៍ និងអាទិត្យ”។
គួរបញ្ជាក់ថា បើតាមលោក ឌួង ឆាយ ធ្លាប់តែងប្រាប់មហាជនថា នៅក្នុងលិខិតលែងលះគ្នា តុលាការបានបែងចែកលក្ខខណ្ឌឲ្យរូបលោកបានជួបមុខកូន ទៅតាមការកំណត់ ពោលគឺរវាងលោក និងអតីតភរិយា គឺអាចមើលថែកូនៗម្តងម្នាក់។ ប៉ុន្តែ ដោយសារតែ ដេតម៉ាលីណា ខឹងថាលោក ឌួង ឆាយ មកជួបកូនៗតែងបង្កជម្លោះ ហិង្សា គំរាមកំហែងផ្សេងៗ ជាហេតុធ្វើឲ្យរូបនាងលែងចង់ឲ្យជួប ព្រោះរូបនាងមានការព្រួយបារម្ភពីសុវត្ថិភាព។ តែទោះជាយ៉ាងណា នៅពេលនេះ អ្នកទាំងពីរបានប្រហែលឈានទៅរកភាពស្ងប់សុខរៀងៗខ្លួនហើយ៕ រក្សាសិទ្ធិដោយ៖លឹម ហុង













