ប្រិយមិត្ត និងមហាជនជាច្រើន ជឿថាបានស្គាល់រួចហើយ ពីក្រុមកំប្លែងទើបរះ និងកំពុងទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម តាមរយៈវីដេអូសម្តែងកំប្លែងខ្លីៗ ក្រោមប្រធានបទ «ចានអាហារត្រីវិស័យ» ដែលជាពិសេសធ្វើជាអ្នកដើរសុំទានតាមផ្សារ ពុំត្រឹមតែធ្វើឲ្យបងប្អូនបានសើចហៀរទឹកភ្នែកប៉ុណ្ណោះទេ តែក៏បានបង្កប់នូវអត្ថន័យអប់រំ បំផុសគំនិតនៃការចែករំលែកក្តីស្រឡាញ់ ដាក់ទានចំពោះអ្នកក្រក្សត់ ជនពិការ ជនអនាថាតាមផ្លូវ។
ជាការពិតណាស់ ក្រុមកំប្លែងទើបសាងភាពល្បីល្បាញនេះ ដែលដឹកនាំសម្តែងដោយលោក ជា សុផានិត គឺតែងតែផលិតវីដេអូកំប្លែងខ្លីៗ និងបិទគូទចុងក្រោយ គឺនាំយកអាហារជាពិសេសគ្រឿងសមុទ្រ និងនំប៉័ង ទៅចែកជូនដល់អ្នកក្រក្សត់ពិតប្រាកដ ឃើញថាបានធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរជាខ្លាំង ហើយក្នុងនោះមនុស្សជាច្រើនពេលបានមើលវីដេអូហើយ ក៏បានបង្ហាញអារម្មណ៍រំជួលចិត្តឡើងស្រក់ភ្នែកតែម្តង ព្រោះតែរំភើបខ្លាំងពេក ចំពោះទឹកចិត្តដ៏ល្អមួយនេះ។
ដោយឡែក ថ្មីៗនេះ ក្រុមចានអាហារត្រីវិស័យ បានធ្វើអាហារឆ្ងាញ់ៗដូចសព្វដងទៀតហើយ ដោយទិញបង្គារយ៉ាងច្រើនគីឡូ យកមកធ្វើម្ហូបសម្រាប់ ៣០០ ប្រអប់ និងព្រមទាំងនំប៉័ង ទៅចែកជូនកុមារកំព្រា និងពិការ ដែលសុទ្ធសឹងមានសតិមិនប្រក្រតី សរុបចំនួន ២៥០ នាក់ នៅឯបុរីកុមារ និងទារកជាតិ។ ជាមួយអាហារឆ្ងាញ់ៗដែលពុំធ្លាប់បានញ៉ាំពីមុន ឃើញថា ក្មេងៗដ៏អភព្វទាំងនោះ បានបង្ហាញនូវទឹកមុខរំភើបជាពន់ពេក ហើយពួកគេក៏បានលើកដៃសំពះថ្លែងអំណរអរគុណនូវទឹកចិត្តសប្បុរសដ៏ធំធេងនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

























