ទីផ្សារអាម៉េរិកបន្តឈរលើកំពូលតារាងនៃទិសដៅនាំចេញរបស់កម្ពុជា បើធៀបនឹងទីផ្សារផ្សេងៗទៀតនៅលើពិភពលោកនៅក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិកកាំងនៅក្នុងរយៈពេល១០ខែឆ្នាំ២០២១មានចំនួន ៦ប៊ីលានដុល្លារអាម៉េរិក កើនឡើង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ តាមពីក្រោយដោយទីផ្សារអឺរ៉ុប ដែលមានចំនួន ២,៦១ប៊ីលានដុល្លារអាម៉េរិក, ទីផ្សារចិនមានចំនួន ១,២២ប៊ីលានដុល្លារអាម៉េរិក កើនឡើង៤៩ភាគរយ, ទីផ្សារអាស៊ាន ៩៦០លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៧៣ភាគរយ ទីផ្សារជប៉ុនមានចំនួន ៩២០លានដុល្លារអាម៉េរិក កើនឡើង ៥ភាគរយ កាណដា ៧៩០លានដុល្លារអាមេរិក និងចក្រភពអង់គ្លេសមានចំនួន ៦០០លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១៥ភាគរយ រួមនឹងទីផ្សារសក្កានុពលផ្សេងៗទៀតនៅលើសកលលោក។
និយាយជារួម ទំហំពាណិជ្ជកម្ម (ការនាំចេញ និងការនាំចូល) របស់កម្ពុជា ជាមួយបណ្តាប្រទេសនៅលើពិភពលោក មានកំណើន២៨ភាគរយនៅក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែជញ្ជីងពាណិជ្ជកម្មកម្ពុជានៅតែបង្ហាញពីឱនភាពខ្ពស់ ដោយការនាំចូលខ្ពស់ជាងការនាំចេញ។ ការនាំចេញជារួមរបស់កម្ពុជាមានចំនួន ១៤,២៨ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះ ២ភាគរយ និងការនាំចូលមានចំនួនសរុប ២៣ប៊ីលានដុល្លារអាម៉េរិក កើនឡើង៥៨ភាគរយ។
ការនាំចេញផលិតផលពីកម្ពុជារួមមាន៖ សម្លៀកបំពាក់ ៦,៥៣ប៊ីលានដុល្លារអាម៉េរិក, ស្បែកជើង ១,១១ប៊ីលានដុល្លារអាម៉េរិក, សម្ភារៈធ្វើដំណើរ ១,១៧ប៊ីលានដុល្លារអាម៉េរិក, ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី ៨៥០លានដុល្លារ, កង់ ៥១៤លានដុល្លារ, អង្ករ ៣២៦លានដុល្លារ, គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៧៧៦លានដុល្លារ, កៅស៊ូក្រែប ៣២៩លានដុល្លារ, ស្ករអំពៅ ៤២លានដុល្លារ, បន្លែផ្លែឈើ ១៦៧លានដុល្លារ និង មុខទំនិញផ្សេងទៀត មានចំនួន ២,៤៥ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មក្នុងរយៈពេល ១០ខែឆ្នាំ២០២១៕