កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យសន្តិសុខសាធារណៈនៃស្រុក Binh Thanh ទីក្រុងហូជីមិញ បានធ្វើការឃាត់ខ្លួនស្រ្តីវ័យក្មេងរូបស្រស់ឈ្មោះ Vo Nguyen Quynh Trang កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ពិបទប្រើអំពើហិង្សាទៅលើកូនស្រីចុងរបស់ខ្លួន រហូតដល់ស្លាប់ ដែលធ្វើឲ្យមហាជនថ្កោលទោសពេញផ្ទៃប្រទេស។
យោងតាមការស៊ើបអង្កេតបឋម នៅវេលាម៉ោងប្រហែល ១៩ និង៤៥ នាទី យប់ថ្ងៃទី២២ ខែធ្នូ ក្មេងស្រីរងគ្រោះឈ្មោះ NTVA អាយុ ៨ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងសង្កាត់ 22 (ស្រុក Binh Thanh) ដើម្បីសង្គ្រោះបន្ទាន់។ តែជាអកុសល គ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ មុនពេលមកដល់មន្ទីរពេទ្យ។
តាមរយៈការពិនិត្យលើរាងកាយ គ្រូពេទ្យបានកត់សម្គាល់ថា ក្មេងស្រីរងគ្រោះមានស្នាមជាំធំៗជាច្រើនកន្លែងនៅលើដងខ្លួន និងលើសពីនេះ ក៏មានស្នាមដេររបួសចាស់នៅលើផ្ទៃមុខផងដែរ។ ផ្អែកលើរបួស និងស្នាមជាំនៅលើដងខ្លួនរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចសង្ស័យថា នាងត្រូវគេវាយបណ្ដាលឲ្យស្លាប់។ ពេលទទួលបានដំណឹងនេះ ប៉ូលិសស្រុក Binh Thanh បានចុះទៅដល់ភ្លាមៗ ដើម្បីបម្រើការស៊ើបអង្កេត។ បន្ទាប់មកប៉ូលិសបានហៅឪពុករបស់ក្មេងរងគ្រោះ និងមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Trang ដើម្បីធ្វើការសាកសួរ។
ដោយឡែក កាលពីថ្ងៃទី២៧ ខែធ្នូ អ្នកស្រី NTH អាយុ ៣៦ ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ ដើម្បីថ្កោលទោសអតីតស្វាមីរបស់នាងលោក TH និងស្រីស្នេហ៍ Trang ពីបទប្រើអំពើហិង្សាដែលនាំកូនស្រីរបស់នាងរហូតដល់ថ្នាក់ស្លាប់បែបនេះ។ អ្នកស្រី NTH និយាយទាំងឈឺចាប់ថា៖ “គ្រួសាររបស់យើង ពិតមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការរំលោភបំពានហិង្សាមកលើកូនស្រីរបស់ខ្ញុំ។ យើងស្នើសុំជាបន្ទាន់ដល់សមត្ថកិច្ច ដើម្បីបញ្ជាក់ពីការរំលោភបំពានរបស់ពួកគេផង”។
ទន្ទឹមនឹងនេះផងដែរ មតិសាធារណៈជន បានផ្ទុះការថ្កោលទោស ទៅលើស្រ្តីជាម្តាយចុងចិត្តប្ញស្សារូបនេះយ៉ាងខ្លាំង។ ចំណែក ឪពុកបង្កើតរបស់នាងក្មេងស្រីរងគ្រោះ ដែលបណ្តែតបណ្តោយឲ្យប្រពន្ធចុង វាយធ្វើបាបកូនរបស់ខ្លួនរហូតដល់ស្លាប់បែបនេះ គេក៏សូមឲ្យច្បាប់គួរពិចារណាផង។
យោងតាមលោកមេធាវី Dang Van Cuong (ប្រធានការិយាល័យមេធាវីហាណូយ) នោះភ្នាក់ងារស៊ើបអង្កេត ក៏នឹងបញ្ជាក់អំពីអាកប្បកិរិយា តួនាទី និងការទទួលខុសត្រូវរបស់ឪពុកផងដែរ។ ក្នុងករណីដែលឪពុកបានដឹងអំពីទង្វើវាយដំកូនរបស់ខ្លួន ប៉ុន្តែមិនអន្តរាគមន៍ និងផ្ទុយទៅវិញ បែរជួយ និងញុះញង់ នោះបានន័យថា ជននេះក៏នឹងត្រូវទទួលទោសទណ្ឌពីបទសមគំនិតផងដែរ។
លោកបន្តថា វាជាទង្វើខុសច្បាប់ ក្នុងការវាយ ឬធ្វើទារុណកម្មកុមារដោយហេតុផលណាមួយ។ អ្នកដែលបង្ករបួសស្នាមនិងឆក់យកជីវិតកុមារនោះគួរតែទទួលទោសធ្ងន់ធ្ងរតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










