ភ្នំពេញ-អ្នកទំនាក់ទំនងការបរទេស លោក អឿន រតនៈ ក្នុងកម្មវិធី Miss Global 2017 ត្រូវបានលោកពេជ្រ ឌី នាយកប្រតិបត្តិកម្មវិធី Miss Global 2017 ប្រកាសជាផ្លូវការថា បុគ្គលរូបនេះមិនជាប់ពាក់ព័ន្ធនិងស្ថាប័នរបស់កម្មវិធី Miss Global ទៀតឡើយ។
ការប្រកាសនេះធ្វើឡើង ក្នុងគោលបំណង ឲ្យម្ចាស់ស្ពនស័រ ទាំងអស់ទទួលដឹងឮថា លោក អឿន រតនៈ មិនជាប់ពាក់ព័ន្ធ និងស្ថាប័ននេះតទៅទៀតទេ ក្នុងករណី លោក អឿន រតនៈ យកឈ្មោះស្ថាប័ន Miss Globalទៅប្រើប្រាស់ក្នុងន័យអ្វីផ្សេង នោះគឺជាការប្រព្រឹត្តិខុសច្បាប់ ក្នុងន័យដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឌី ពេជ្រ ដែលជានាយកប្រតិបត្តិរបស់កម្មវិធី Miss Global ក្នុងប្រទេសកម្ពុជា និង លោក ឃឹម ចន្ថា ដែលជាអ្នកគ្រប់គ្រង បានប្រកាសជាសាធារណៈ ជាលើកទី២ បន្ទាប់ពីបានដកហូតតំណែង លោក អឿន រតនៈ ពីស្ថាប័ន Miss Global ថា «លោក អឿន រតនៈ ត្រូវបានតែងតាំងឱ្យធ្វើជាអ្នកទំនាក់ទំនងការបរទេសក្នុងកម្មវិធីលំដាប់ពិភពលោក Miss Global International ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០១៧ ដោយមានបវរកញ្ញា មកពី ៦០ប្រទេសចូលរួម ប៉ុន្តែក្រោយពិនិត្យឃើញភាពមិនប្រក្រតី និងមានរំលោភលើលក្ខខណ្ឌ ជាច្រើនដែលលោក អឿន រតនៈ បានប្រព្រឹត្តិរួចមក ខាងលោក ក៏បានដកហូតតំណែងរបស់លោក អឿន រតនៈ ចេញពីស្ថាប័ន Miss Global ភ្លាម។
យ៉ាងណាមិញ អ្វីដែលគួរឲ្យសម្គាល់នោះ គឺ លោក អឿន រតនៈ នៅតែបន្តការងារដែលប្រៀបបាននឹងការឆបោកប្រាក់របស់គេបន្តទៀត ដោយយកឈ្មោះ Miss Global មកប្រើធ្វើឱ្យប៉ះពាល់ដល់ឈ្មោះ កម្មវិធីរបស់គេ ខណៈលោក អៀន រតនៈ ពុំមានតួនាទីអ្វីទៀតនោះ ពោលគឺតំណែងរបស់លោកត្រូវបានគេដកហូតតាំងពីឆ្នាំមុនមកម្ល៉េះ»។
គួរបញ្ជាក់ថា បើយោងតាមសម្តីរបស់លោក ឌី ពេជ្រ លោក អឿន រតនៈ នៅពេលនេះកំពុងរកបណ្តឹងពី Miss Global International ហើយថា មិនត្រូវខាងនោះ នឹងប្តឹងទាមទារលុយ និងការខូចខាតមកវិញ ដើម្បីទាមទារជាភាពយុត្តិធម៌ជូនដល់ បវរកញ្ញា ដែលបានចូលរួមទាំងអស់។
អ្នកស្រី ធា ម៉ា ប្រធានគណៈកម្មការ បវកញ្ញាខ្មែរ អាមេរិកកាំង បាននិយាយថា គិតត្រឹមពេលនេះអ្នកស្រីដែលជាប្រធានគណៈកម្មការបវកញ្ញាខ្មែរអាមេរិក បានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ ទៅបុគ្គលពីររូបមាន លោក អឿន រតនៈ និង លោក Van Minh Pham
ក្នុងការចូលខ្លួនមកដោះស្រាយរឿងដែលជាប់ពាក់ព័ន្ធនិងការបិតគណនីយធនាគារ ដែលអ្នកស្រីបានបើករួមគ្នាដើម្បីដាក់ប្រាក់សម្រាប់ចំណាយចំណូលផ្សេងៗ។ ប៉ុន្តែ លោក Van Minh Pham បានទៅបិតគណនីយ នោះដោយបើកប្រាក់យកតែម្នាក់ឯងទាំងអស់ហើយបិតគណនីយចោលតែម្តង នៅថ្ងៃទី២៨ ខែធ្នូ ២០១៧។
អ្នកស្រីបន្តទៀតថា នៅថ្ងៃទី៩ ឧសភា ២០១៨ ខាងមុខនេះ អ្នកស្រីត្រូវឡើងតុលាការ ដើម្បីប្រជុំលើកទី១ បន្ទាប់មកទៀត និងធ្វើឡើងនៅថ្ងៃទី ១៤ ឧសភា ចំណាត់ការយ៉ាងណានោះនឹងត្រូវរងចាំតាមដានបន្តទៀត៕ ដោយ-គីមស្រីរ័ត្ន