ប៉ូលីសក្នុងប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ រស់នៅក្នុងទីក្រុងក្រុងបាងកក កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបុរសនេះបានធ្វើការ Live វីដេអូខ្លួនឯង ខណៈប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅ ទៅលើមិត្តស្រីដ៏ស្រស់ស្អាតឡើងមើលមុខលែងយល់ និងសល់តែដង្ហើមចង្រិត ។
Chaichana Sirichart អាយុ ២៥ ឆ្នាំ បានចាក់សោរទុកមិត្តស្រីឈ្មោះ Kuldara Yeessaman អាយុ ២១ ឆ្នាំ នៅក្នុងបន្ទប់ផ្ទះល្វែងរបស់ខ្លួន ស្ថិតនៅក្នុងស្រុក Bung Kum -ទីកន្លែងដែលរូបគេបានវាយដំច្រំធាក់នាងយ៉ាងសាហាវ រហូតនាងទទួលរងនូវស្លាមហើមជាំឡើងពោរផ្ទៃមុខ និងឈាមស្រោចខ្លួនតែម្តង ។
នៅក្នុងវីដេអូឃ្លីប ស្ត្រីរងគ្រោះ Yeesaman អាចត្រូវបានឃើញស្ថិតក្នុងស្ថានភាពសម្រក់ទឹកភ្នែកយ៉ាងឈឺចុកចាប់ ខណៈមិត្តប្រុសចិត្តកំណាចនេះនៅតែបន្តនិយាយឡកឡើយ និងគំរាមសម្លាប់នាង ដោយចោទថានាងមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ។
បុរសនេះបានសួរនាងដដែលៗ ខណៈក៏ចោទប្រកាន់នាងលួចលុយពីការរកស៊ីវិនិយោគរបស់គាត់ថា៖ «តើមិត្តប្រុសលួចលាក់របស់នាង គឺជាអ្នកណា?» ។
វីដេអូ Live រយៈពេល ១១ នាទី ដែលបុរសរូបនេះបានផ្សាយនៅលើទំព័រអាជីវកម្មហរិញ្ចវត្ថុរបស់គាត់ ចាប់តាំងពីពេលនោះមក បានត្រូវចែករំលែកយ៉ាងផុសផុល និងបង្ហោះឡើងវិញ ដែលទទួលបានអ្នកទស្សនារាប់លាន ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ។
ឃើញហេតុការណ៍ដ៏គួរឲ្យអាសូរបែបនេះ អ្នកទស្សនាបានរាយការណ៍ពីករណីនេះទៅប៉ូលីស ។ ពួកគេបន្ទាប់ ក៏បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីសង្គ្រោះនារីរងគ្រោះ និងចាប់ខ្លួន Sirichart ។
នៅចំពោះមុខសមត្ថកិច្ច Sirichart បានសារភាពថា រូបគេបានដាល់មិត្តស្រីយ៉ាងច្រើនដៃ និងសូម្បីវាយនាងជាមួយអំបោល និងម៉ាស៊ីនសម្ងួតសក់ ។
យោងតាមអនុប្រធានប៉ូលីស Wirachai Songmetta ជនដៃដល់ Sirichart នៅតែពុំអាចបញ្ជាក់អំពីដំណើររឿងរ៉ាវនេះឲ្យបានច្បាស់លាស់ទេ ប៉ុន្តែ ត្រូវបានធ្វើតេស្តរកឃើញប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីន ។
Sirichart ដែលបើកក្រុមហ៊ុនមួយឈ្មោះថា Global FX Investment បានអះអាងថា គាត់កំពុងត្រូវបានតាមស្វែងរកមុខ ដោយអតិថិជនបញ្ចេញកំហឹង ចំពោះការខកខានក្នុងការសម្រេចបាននូវកិច្ចសន្យាប្រគល់ហិរញ្ចវត្ថុដ៏ធំមួយ ។ គាត់បានស្តីបន្ទោសបញ្ហាមួយនេះ ដែលនាំឲ្យគាត់ឈានទៅប្រើប្រាស់គ្រឿងញៀន ។
Sirichart ឥឡូវនេះ កំពុងត្រូវបានចោទប្រកាន់បង្ករបួសស្នាម, ឃុំខ្លួនមនុស្សដោយខុសច្បាប់, បញ្ចេញរូបភាពទៅកាន់អ្នកដទៃ តាមរយៈប្រព័ន្ធកុំព្យូទ័រ និង ប្រើប្រាស់ថ្នាំញៀនប្រភេទ១ ៕ ចន្ទី