ក្មេងប្រុសពីរនាក់ដែលត្រូវជាបងប្អូនបង្កើត បានកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ និងការកោតសរសើរជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបានឃើញទង្វើដ៏កតញូរបស់ពួកគេ ក្រោយដើររើសអេតចាយលក់បានលុយបន្តិចបន្តួច នាំគ្នាឈប់កង់ ហើយប្រមូលលុយអស់ពីក្នុងហោប៉ៅរៀងៗខ្លួន ដើរចូលហាងទិញនំខេក ដើម្បីធ្វើខួបកំណើតជូនម្តាយរបស់ពួកគេនៅផ្ទះ។
តាមរយៈវីដេអូ និងសារបង្ហោះរបស់ម្ចាស់ហាង ក្មេងប្រុសបងប្អូនបង្កើតទាំងពីរ ម្នាក់បងគ និងម្នាក់ទៀតជាប្អូនអាចនិយាយបានធម្មតា។ ពួកគេចូលទិញនំខេក គឺពុំបានដឹងពីតម្លៃទេ ដោយមានលុយត្រឹមតែ ៣ ម៉ឺនរៀល ប៉ុណ្ណោះ ដែលជាលុយបានមកពីកម្លាំងញើសឈាមរបស់ពួកគេ ដើររើសអេតចាយ។ តែទោះជាយ៉ាងណា ដោយឃើញពួកគេមានទឹកចិត្តដ៏កតញូចំពោះអ្នកម្តាយបែបនេះ ម្ចាស់ហាងចិត្តធម៌ ពុំដាច់ចិត្តលាដៃយកលុយពីពួកគេរួចទេ និងក៏បានជូននំខេក១តម្លៃ 10$ ដោយឥតគិតថ្លៃ។
នេះបើតាមគណនីហ្វេសប៊ុកម្ចាស់ហាងដែលមានឈ្មោះ យ៊ាំ ថៃសាន បានបង្ហោះរូបភាពមួយសន្លឹក និងវីដេអូ ដោយភ្ជាប់សាររៀបរាប់ឲ្យដឹងថា៖ ២នាក់បងប្អូន ម្នាក់គ លក់អេតចាយបានលុយ៣ម៉ឺន មកទិញនំខេកឱ្យម៉ែ ស្តាប់ហើយក៏រំភើបចិត្ត មិនដឹងលាដៃយកលុយថ្លៃនំយ៉ាងដូចម្តេច? បើអ្នកលក់កាលក្នុងវ័យនេះ លំបាកជាងក្មួយៗផង។ ពូចេញលុយជំនួសក្មួយ តបស្នងចំពោះចិត្តកតញ្ញូមួយនេះ សង្ឃឹមថាក្មួយធំឡើងមានអនាគតល្អ ធ្វើជាមនុស្សល្អរបស់សង្គម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



