ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកគួបផ្សំនឹងភាពអំណោយផល កំណើនសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងរង្វង់៣ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាស្តីពី វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២។
កំណើននេះត្រូវបានគាំទ្រដោយ ការងើបឡើងវិញនៃផលិតកម្មកាត់ដេរ ពាណិជ្ជកម្មដុំ រាយ ទូរគមនាគមន៍ ដឹកជញ្ជូន និងសំណង់ ស្របពេលនឹងការបន្តទទួលបានកំណើនក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាបការការនាំចេញ និងកំណើនវិស័យកសិកម្ម ខណៈដែលវិស័យទេសចរណ៍នៅបន្តធ្លាក់ចុះ។
ទន្ទឹមនេះ មូលធនបរទេសបន្តហូរចូលក្នុងអត្រាកំណើន ២,៥ដង (ធៀបនឹងឆ្នាំ២០២០) ខណៈដែលការនាំចូលបានកើនឡើងខ្ពស់ ជាពិសេសការនាំចូលវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរនិងប្រេងឥន្ទនៈ។ កំណើនខ្ពស់នៃលំហូរមូលធន និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយភាពប្រុងប្រយ័ត្ន បានបន្តរក្សាទុនបម្រុងអន្តរជាតិឲ្យមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលបានរួមចំណែកពង្រឹងប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់និងរូបិយវត្ថុក៏ដូចជា ជំនឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។
ប្រឈមនឹងវិបត្តិដែលបានអូសបន្លាយអស់រយៈពេល ២ឆ្នាំកន្លងមកនេះ ប្រព័ន្ធធនាគារបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់។ ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាការបន្ធូរបន្ថយបទប្បញ្ញត្តិនិងផ្តល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ សម្រាប់រក្សានិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទាន ដល់សេដ្ឋកិច្ច។ ជាមួយគ្នានេះ ការបែងចែកប្រាក់ចំណេញ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តឲ្យបង្កើនការវិនិយោគបន្ថែមក្នុងការប្រព័ន្ធធនាគារ សំដៅពង្រឹងដើមទុនឲ្យកាន់តែរឹងមាំ។
ជាលទ្ធផល កំណើនឥណទានបានបន្តកើនឡើង ២១,២ភាគរយ ឬ ១៨៦,៥ ទ្រីលានរៀល ស្នើនឹង ៤៥,៧ប៊ីលានដុល្លារអាម៉េរិក ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។ ម្យ៉ាងទៀត ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋនិងក្រុមហ៊ុន សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានអនុញ្ញាត ឲ្យបន្តរៀបចំឥណទានឡើងវិញលើគ្រប់វិស័យ ដែលសរុបមានចំនួន ៣៧០.៧៨៥គណនី ស្នើនឹង ២២,៤ទ្រីលានរៀល ឬ ៥,៥ប៊ីលានដុល្លារអាមេរិក។ គួររំលេចថា ជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជន ដែលមានអត្រា ១៥,៤ភាគរយ ស្នើនឹង ១៥៧,១ទ្រីលានរៀល ឬ ៣៨,៥ប៊ីលានដុល្លាអាមេរិក។ បរិយាបន្នហិរញ្ញវត្ថុបានកើនឡើងដោយចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១២,១លានគណី (កើនឡើង ៤០,៧ភាគរយ) និងគណនីឥណទានអតិថិជនកើនដល់ ៣,៣លានគណនី (កើនឡើង ៥,១ភាគរហយ)៕