ចាប់ពីពេលនេះទៅដល់ពាក់កណ្តាលឆ្នាំ២០១៩ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាប្រធានវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថាAPPF បន្តពីប្រទេសវៀតណាម។ សភាប្រទេសវៀតណាម បានផ្ទេរតួនាទីប្រធានAPPF ដល់សភាកម្ពុជានៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកស្រី តុង ធីហ្វុង អនុប្រធានសភាប្រទេសវៀតណាម ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធាន APPF ត្រូវចប់អាណត្តិ បានប្រគល់ទង់ APPF ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជានិមិត្តិរូប នៃការផ្ទេរតំណែងប្រធាន ប្តូរវេនដឹកនាំ APPF ពីសភាប្រទេសវៀតណាម ជូនដល់សភានៃព្រះរាជាណាចក្រកម្ពុជា។
ពិធីផ្ទេរនិងទទួលតួនាទីជាប្រធាន APPF បានប្រារព្ធធ្វើនៅវិមានរដ្ឋសភា ដោយបានរៀបចំពិធីផ្លូវការយ៉ាងអធិកអធម ដោយមានវត្តមាន ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ចូលរួមជាសាក្សីផងដែរ។
សូមជម្រាបថា ប្រទេសជប៉ុនជាស្ថាប័នវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ។ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។
បន្ទាប់ពីទទួលតួនាទីជាប្រធាន APPF សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបានសេចក្តីទុកចិត្តពីសំណាក់សភា នៃប្រទេសសមាជិករបស់ APPF ដែលបានផ្តល់សេចក្តីទុកចិត្តលើសភាកម្ពុជា ក្នុងការដឹកនាំវេទិកាសភាដ៏ធំនេះ បន្ទាប់ពីរដ្ឋសភាវៀតណាម ត្រូវបានចប់អាណត្តិ។
សម្តេចបានមានប្រសាសន៍បន្តថា ជាមួយនឹងមោទនភាព នៃទំនុកចិត្ត ពីសភាប្រទេសជាសមាជិក APPF សភាព្រះរាជាណាចក្រកម្ពុជា រីករាយទទួលយកនូវតួនាទីដ៏មានសារៈសំខាន់នេះ ហើយសន្យាថា នឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព APPFឲ្យកាន់តែមានភាពប្រសើរឡើង និងកិត្យានុភាពថែមទៀតទៅក្នុងឆាកអន្តរជាតិ ដើម្បីរួមចំណែកដល់ការកសាង ថែរក្សាសុខសន្តិភាព និងស្ថេរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។
លោកស្រី តុង ធីហ្វុង មានសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ និងសមត្ថភាព ក្នុងការរៀបចំកិច្ចប្រជុំ មហាសន្និបាតវេទិកាសភាជាច្រើន កន្លងមករបស់សភាកម្ពុជា។ កម្ពុជានឹងទទួលជោគជ័យបនជាបន្តទៀត នៅក្នុងការដឹកនាំវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកនេះ។
សូមរម្លឹកដែរថា នៅក្នុងតួនាទីជាប្រធាន APPFនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី២៧ APPF នៅដើមឆ្នាំ២០១៩ខាងមុខនេះ នៅលើទឹកដីអង្គរនាខេត្តសៀមរាប។ លោកស្រី តុង ធីហ្វុង បានគូសបញ្ជាក់ថា ដោយសារប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំ APPF មុនកម្ពុជា វៀតណាមបានត្រៀមចែករំលែកបទពិសោធន៍ ជាមួយសភាកម្ពុជា ក្នុងការរៀបចំ កិច្ចប្រជុំនេះ ឲ្យទទួលបានជោគជ័យផងដែរ។
គណៈប្រតិភូវៀតណាម បានសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភានៅមុនប្រារព្ធពិធីប្រគល់និងទទួលតួនាទីជាប្រធាន APPF នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ប្រទេសវៀតណាម ដឹកនាំដោយ លោកស្រី តុង ធីហ្វុង ។
នៅក្នុងជំនួបនោះភាគីទាំងពីរបានលើកឡើងពីការរីកចម្រើនចំណងមិត្តភាព និងកិច្ចសហប្រតិការប្រទេសទាំងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរ និងវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេង ដែលរដ្ឋាភិបាលនិង ប្រជាជន វៀតណាម សម្រេចបាន ក្នុងការកសាង និង អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿង យ៉ាងឆាប់រហ័ស។
សម្តេចបានលើកឡើងថា “យើងខ្ញុំមានជំនឿថា ក្រោមការដឹកនាំ ដ៏ភ្លឺស្វាង របស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន លោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស លោក ត្រាន់ ដៃក្វាង ប្រធានរដ្ឋលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី និង លោកស្រីង្វៀន ធីគឹមងិន ជាប្រធានរដ្ឋសភា ប្រជាជនវៀតណាម នឹងទទួលបានជោគជ័យថ្មីៗថែម ទៀត ក្នុងដំណើរការជំរុញឧស្សាហូបនីយកម្ម និង ទំនើបនីយកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិ កាន់តែខ្លាំង ខ្លាថែមទៀត”។
លោកស្រី តុង ធីហ្វុង អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់កម្ពុជា នៅពេលនេះ ក្រៅពីការផ្ទេរតួនាទីប្រធាន APPFជូនសភាកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើគ្រប់វិស័យឲ្យមានភាពរឹងមាំនិងយូរអង្វែង។
លោកស្រីបានស្នើសុំដល់រដ្ឋសភាកម្ពុជា ពិនិត្យឡើងវិញ នូវរាល់កិច្ចព្រមព្រៀមទាំងឡាយ ដែលរដ្ឋសភាប្រទេសទាំងពីរបានចុះកិ
ច្ចព្រមព្រៀងជាមួយគ្នា ហើយមិនទាន់បានអនុវត្តនោះ សូមឲ្យអនុវត្ត បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញការផ្លាស់ប្តូរបទពិសោធន៍គណៈប្រតិភូពីគ្នាទៅវិញទៅមក។ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងជួរសមាជិកសភាជាស្ត្រី ពិសេសបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកសាងច្បាប់ជាដើម។
ជំនួបទ្វេភាគីរវាងរដ្ឋសភាកម្ពុជានិងវៀតណាមនៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីបានប្រារព្ធពិធីប្រគល់និងទទួលតួនាទីជាប្រធាន APPF រួចហើយ ថ្នាក់ដឹកនាំសភាប្រទេសកម្ពុជានិងវៀតណាម បានជួបចចារទ្វេភាគីបន្តទៀត ដែលជំនួបចរចាទ្វេភាគីនេះ បានធ្វើឡើងរវាង លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាកម្ពុជា និងលោកស្រី តុង ធីហ្វុង អនុប្រធានរដ្ឋសភាវៀតណាម។
នៅក្នុងជំនួបនេះ លោក ងួន ញ៉ិល បានលើកឡើងថា វត្តមានរបស់លោកស្រី និងគណៈប្រតិភូ នៅពេលនេះកាន់តែបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីរវាងប្រជាជាតិទាំងពីរ ត្រូវបានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ ទាំងនៅក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ និងរដ្ឋសភា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ កម្ពុជា វៀតណាមបានធ្វើឲ្យមានកំណើនទំហំពាណិជ្ជកម្មកើនឡើងជាលំដាប់ ។ ចំនួនអ្នកទេសចរវៀតណាម បានមកទស្សនានៅកម្ពុជា ឈរលេខរៀងទី២ បន្ទាប់ប្រទេសចិន។ កម្ពុជានិងវៀតណាម បានឈានទៅរកការសម្រេចទាំងស្រុង នូវការបោះបង្គោលព្រំដែន ក្នុងការប្រែក្លាយព្រំដែនរួមទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍។
លោកស្រី តុង ធីហ្វុង បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរតាមព្រំដែនប្រទេសទាំងពីរ។ លោកស្រីបានគូសបញ្ជាក់ថា ប្រទេសវៀតណាមមានគម្រោងវិនិយោគជាង១០០ ដែលនឹងត្រូវអនុវត្តបន្តនៅក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ។ លោកស្រី ក៏បានអះអាងថា សភាវៀតណាមនឹងខិតខំជំរុញជំនួយដ៏ធំរបស់សភាប្រទេសវៀតណាម មករដ្ឋសភាកម្ពុជា គឺការសាងសង់អគាររដ្ឋបាល ជូនរដ្ឋសភាកម្ពុជានោះ ឲ្យចេញជារូបរាងក្នុងពេលឆាប់ៗនេះ។
លោក ងួន ញ៉ិល មានជំនឿយ៉ាងមុតមាំថា ប្រទេសកម្ពុជានិងវៀតណាមនឹងខិតខំរក្សា ពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ឲ្យបានកាន់តែល្អ។ លោកបាន ចាត់ទុកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរថា ជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋដែលត្រូវថែរក្សាជារៀងរហូត ហើយផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយឲ្យបន្តថែរក្សានូវទំនាក់ទំនងដ៏ល្អនេះ ។
លោកអនុប្រធានទី២ រដ្ឋសភា ក៏មានសង្ឃឹមដែរថា ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ក៏បាននឹងកំពុងបន្តអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរដ្ឋសភាទាំងពីរបានព្រមព្រៀងជាមួយគ្នាកន្លងមក សំដៅគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក ៕ ដោយ៖បញ្ញាស័ក្តិ