ភ្នំពេញ៖ ដើម្បី កាត់បន្ថយនៃការកកស្ទះចរាចរណ៍ នៅចំណុចរង្វង់មូលចោមចៅនិងនៅតំបន់ក្បាលថ្នល់ អភិបាលរាជធានីបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយផលប៉ះពាល់នៃតំបន់ទាំង២នេះអោយបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីបើកការដ្ឋានសាង់សង់ស្ពានអាកាសនៅនាពេលដ៏ខ្លីខាងមុននេះ។
ការជម្រុញបែបនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥មេសា ក្នុងប្រជុំពិភាក្សាជាថ្មីម្តងទៀត ពាក់ព័ន្ធទៅនឹងការដ្ឋាននៃការស្ថាបនាស្ពានអាកាសទាំង២ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញដើម្បីកំណត់គម្រោងអោយបានច្បាស់លាស់មុននឹង ធ្វើពិធីបើកការដ្ឋាន។
លោកម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអង្គប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ស្ពានអាកាសចោមចៅ និងស្ពានអាកាសក្បាលថ្នល់។ ក្នុងនោះលោកប្រធានអង្គប្រជុំជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់នៅតំបន់ទាំងពីរនេះឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ ហើយនាពេលដ៏ខ្លីខាងមុននេះ។
បើតាមគម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយពេលប្រមាណ២០ខែ ដើម្បីស្ថាបនាអោយរួចរាល់។
តំបន់រង្វង់មូលចោមចៅនិងតំបន់ខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនមានការកកស្ទះចរាចរណ៍ទៀតទេ បន្ទាប់ពីស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ នេះបានស្ថាបនារួច។
គេបានមើលឃើញថា បច្ចុប្បន្ននេះស្ថានភាពចរាចរណ៍ នៅចំណុចរង្វង់មូលចោមចៅ ក្នុងខណ្ឌពោធិសែនជ័យ មានការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ចំពោះចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងមហាវិថីសហព័ន្ធរុស្ស៊ី ចូលមករាជធានីភ្នំពេញ ក៏មានការកកស្ទះច្រើនផងដែរ។
គួរបញ្ជាក់ថា ចំពោះថវិកាសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញដោយប្រើប្រាស់ការស្ថាបនាក្នុងរយៈពេលប្រមាណ២០ខែ អាចរួចរាល់ ខណៈដែលកំណាត់មហាវិថីសហពន្ធ័រុស្ស៊ី ចាប់ពីផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ត្រូវបានពង្រីកបន្ថែមទទឹងឲ្យធំទូលាយ អាចឲ្យរថយន្តធ្វើចរាចរណ៍៣គន្លងចូលក្នុងក្រុង និង៤គន្លងចេញក្រៅក្រុង ដោយមានសួនច្បារនៅចំកណ្តាល និងមានដាក់ប្រព័ន្ធលូ២ខ្សែ គឺ១ខ្សែនៅចំកណ្តាលសួនទំហំ៨តឹក និង១ខ្សែទៀតដាក់នៅចិញ្ចើមផ្លូវមានទំហំ១,៥ម៉ែត្រ បានស្ថាបនារួចហើយ៕ ដោយ៖បញ្ញាស័ក្តិ