សៀមរាប៖ ធនាគារជាតិនៃកម្ពុជា និងសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) បានរៀបចំកិច្ចប្រជុំក្រុមការងារ ស្ដីពី ក្រុមការងាររៀបចំយុទ្ធសាស្ដ្របរិយាប័ន្នហិរញ្ញវត្ថុ (FISPLG) និងក្រុមកាងាររៀបចំបទដ្ឋាន សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (GSP) កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៨ នៅខេត្តសៀមរៀប។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំគោលនយោបាយនានា ពាក់ព័ន្ធនឹងការលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការលើកកម្ពស់ ប្រជាពលរដ្ឋដែលរស់នៅ តាមជនបទអាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុជាផ្លូវការ។ ដោយមានការចូលរួមពីអ្នករៀបចំគោលនយោបាយ បញ្ញត្តិករ មន្ត្រីត្រួតពិនិត្យ និងភាគីពាក់ព័ន្ធដូចជា ស្ថាប័ននានារបស់អង្គការសហប្រជាជាតិ និងស្ថាប័ន ស្រាវជ្រាវអន្តរជាតិជាដើម និងមានអ្នកចូលរួមសរុបប្រមាណ ៩០ រូប មកពីធនាគារកណ្តាល ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរត្រួតពិនិត្យ មកពីប្រទេសចំនួន ៤៣ ដែលជាសមាជិករបស់សហព័ន្ធ AFI។ AFI គឺជាស្ថាប័នអន្តរជាតិមិនស្វែងរកប្រាក់ចំណេញ និងមានបេសកកម្មផ្តោតសំខាន់លើការរៀបចំគោលនយោបាយនិងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាប័ន្នហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ បច្ចុប្បន្ន បច្ចេកវិទ្យាហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំងនិងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យប្រកបដោយគុណភាពនិងតម្លៃសមស្រប។ ទោះយ៉ាងណា អ្នករៀបចំគោលនយោបាយ និងបញ្ញត្តិករ ត្រូវមានភាពសកម្មក្នុងការស្វែងយល់ពីហានិភ័យពាក់ព័ន្ធនានា។ លោកបានបន្តថា ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួង-ស្ថាប័ននានា កំពុងរៀបចំសេចក្តីព្រាងស្តីពីយុទ្ធសាស្ត្រជាតិសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ហើយគ្រោងនឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០១៨នេះ។
ធនាគារជាតិនៃកម្ពុជា សហការជាមួយសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion) ហៅកាត់ថា AFI ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងាររបស់សហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) ចំនួន ២ គឺក្រុមការងាររៀបចំយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុ (FISPLG) និង ក្រុមការងាររៀបចំបទដ្ឋានរួមសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (GSP)។
លោក Norbert Mumba អនុប្រធានប្រតិបត្តិ AFI បានថ្លែងថា នៅចន្លោះឆ្នាំ 2014 និង 2017 ចំណែកនៃមនុស្សពេញវ័យ ដែលមានគណនី (ទាំងស្ថាប័នហិរញ្ញវត្ថុឬសេវាប្រាក់តាមទូរស័ព្ទ) បានកើនឡើងដល់ 69% (2014: 62%) ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគហ៊ុន បានកើនឡើងដល់ 63% (2014: 54%) ។ ទោះជាយ៉ាងណា ភាពជាម្ចាស់កម្មសិទ្ធិ របស់ស្ត្រី នៅតែបន្តកើនឡើង ប៉ុន្តែគម្លាតយេនឌ័រនៅតែបន្ត។ នៅទូទាំងពិភពលោក គម្លាតយេនឌ័រ មានកម្រិត 7 ភាគរយ ដែលភាគច្រើន មិនបានផ្លាស់ប្តូរពីឆ្នាំ 2014 និងឆ្នាំ 2011 ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការជំរុញឲ្យប្រជាពលរដ្ឋ តាមជនបទអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនេះ បានរួមចំណែកយ៉ាងច្រើន ដល់ការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា បើតាមរយៈលទ្ធផលនៃការអង្កេតស្រាវជ្រាវរបស់ FinScope កាលពីឆ្នាំ២០១៥ បានបង្ហាញថា៥៩% នៃចំនួនប្រជាពលរដ្ឋពេញវ័យសរុបមានលទ្ធភាព និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ចំណែកឯ១២%ទៀតបានប្រើប្រាស់សេវាហិរញ្ញវត្ថុមិនផ្លូវការ និង២៩%ទៀតពុំទាន់ បានប្រើប្រាស់សេវាហិរញ្ញវត្ថុនៅឡើយទេ។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបច្ចេកវិទ្យាហិរញ្ញវត្ថុ មានការរីកចម្រើនយ៉ាងខ្លាំង និងមានតួនាទីសំខាន់ ក្នុងការលើកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយគុណភាព និងតម្លៃសមស្រប់ ហើយប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក៏បានទទួលការគាំទ្រត្រឹមត្រូវតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ