ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុ.ករ៉ឺម៉កលក់ប្រហិតមួយគ្រឿង និងមនុស្សពីរនាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០២និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជិតអាងទឹកកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វត ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2AS-7067 បើកបរដោយបុរសជនជាតិចិន និងនារីម្នាក់ទៀត ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុករទះលក់ប្រហិតមួយគ្រឿង ចតលក់ប្រហិតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសជាអ្នកលក់ប្រហិត និងអ្នកទិញប្រហិតម្នាក់ទៀត របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅទី១ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះមកដល់ធ្វើការវាស់វែងរួច យករថយន្តនិងរ៉ឺម៉កលក់ប្រហិត ទៅរក្សាទុកនៅ អធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំឲ្យភាគីទាំងពីរ ធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម








