ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA, ActionAid និង NGO Forum រៀបចំសិក្ខាសាលានេះឡើង បានផ្តល់ឱកាសឱ្យមានការចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងសកម្មពីសិក្ខាកាម និងបានចែករំលែកបទពិសោធន៍ ពីអង្គការដៃគូទាំងអស់ ក្នុងគោលដៅរួមតែមួយ ដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យកាន់តែល្អប្រសើរ ប្រកបដោយនិរន្ដរភាព រីកលូតលាស់បន្ថែមទៀត ដែលធានាបានថា ធនធានជីវចម្រុះកម្ពុជា នឹងគង់វង្ស ឋិតឋេរ ធំធាត់ សម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបជូនថា បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ បើតាមស្មារតីនៃអង្គសិក្ខាសាលា បានសម្រេចដោយជ្រើសរើស ក្រុមប្រឹក្សាភិបាល ដែលមានលោកជំទាវ អ៊ឹម រចនា ជាប្រធាន និងសមាជិកមាន លោក អ៊ុក វិបុល លោកនាយកនាយខណ្ឌជលផលនៃខេត្តជាប់មាត់សមុទ្រទាំង៤ រួមមាន ខេត្តកោះកុង ក្រុងព្រះសីហនុ កែប កំពត, លោក ស៊ន ស្រេញ និងតំណាងអង្គការដៃគូជាសមាជិក រួមមាន៖ (អង្គការ WEA, F&F, Landesa, MCC, AAC, CWDCC, CNRO, NGO Forum, Aid and Education) ជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី














