Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋជាង ២០០ គ្រួសារទិញផ្ទះពីបុរី VIP សុំអន្តរាគមន៍ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលបានទិញផ្ទះពីបុរី វីអាយភី (VIP) បានដាក់ពាក្យបណ្តឹងប្តឹងលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និង បុរី VIP ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយអន្តរាគមន៍រកយុត្តិធម៌ ឲ្យពួកគាត់រឿងបុរី វីអាយភី មិនគោរពតាមកិច្ចសន្យា។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានប្តឹងទៅសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាសុំជួយអន្តរាគមន៍ដល់លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និង បុរី VIP ដែលមានអាស័យដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះ ដូចខាងក្រោម៖

១.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់មិនទាន់បានផ្ទះចំនួន ២៨គ្រួសារ ត្រូវសង់ផ្ទះឱ្យរួចនិង ត្រូវកាត់ប្លង់កម្មសិទ្ធជូនពួកគាត់ (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ១) ។

២.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់ចំនួន ៨០ គ្រួសារ ត្រូវធ្វើប្លង់កម្មសិទ្ធជូនពួកគាត់ (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ២) ។

៣.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ ផ្ទះមិនទាន់សង់ហើយ (ហួសកិច្ចសន្យា) ចំនួន ៨៨ គ្រួសារ ត្រូវសាងសង់ផ្ទះឱ្យហើយ និងធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សា ជាមួយធនាគារ ដើម្បីយកប្រាក់បង់ផ្តាច់ជូនបុរី (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ៣) ។

៤.ប្រជាពលរដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់បំបែកក្បាលដី ចំនួន ៥២ គ្រួសារ ត្រូវធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សាជាមួយធនាគារ ដើម្បីយកប្រាក់បង់ផ្តាច់ជូនបុរី (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ៤) ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ហួសកិច្ចសន្យា ២ ទៅ ៣ឆ្នាំហើយ ចំណែកសាលាខណ្ឌដង្កោ បានអញ្ជើញលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកបុរី និងតំណាងជនរងគ្រោះ មកប្រជុំដោះស្រាយ ចំនួន២ដងហើយដែរ កាលពីថ្ងៃទី០៥ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយខាងបុរីសន្យាថា នឹងដាក់ជាងចូលសាងសង់ផ្ទះ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ តែរហូតមកដល់ថ្ងៃនេះបុរីនៅតែមិន ព្រមគោរពតាមកិច្ចសន្យាដដែល។

យោងៈ ឯកសារទិញលក់ជាមួយបុរី កិច្ចសន្យាប្រគល់ផ្ទះ មិនបានតាមការកំណត់ និងកិច្ចសន្យា ប្រគល់ប្លង់កម្មសិទ្ធផ្ទះមិនបានតាមការកំណត់ ។

ជាពលរដ្ឋបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីដំណើររឿងដូចតទៅ ៖ “យើងខ្ញុំបានទិញផ្ទះពីបុរីVIP តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយតែមិនទាន់បានប្លង់កម្មសិទ្ធ។ អាស្រ័យហេតុដូច បានគោរពជម្រាបជូនខាងលើ សូមសម្តេចមេត្តាសុំជួយអន្តរាគមន៍ដល់លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អអិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និង បុរី VIP សាងសង់ផ្ទះ និង ប្រគល់ប្លង់កម្មសិទ្ធមកឱ្យយើងខ្ញុំ ដោយក្តីអនុគ្រោះ”។

អ្នកស្រី សេក ចាន់រ៉ា តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹង ប្តឹងទៅសង្កាត់ ខណ្ឌ និងសាលារាជធានីភ្នំពេញ ឲ្យជួយរកដំណោះស្រាយ តែទទួលបានដំណោះស្រាយនោះទេ ទើបបានជាពួកគាត់ដាក់ពាក្យប្តឹងទៅ សម្តេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍។

អ្នកស្រី សេក ចាន់រ៉ា បានបញ្ជាក់ថា អ្នកខ្លះបង់លុយផ្តាច់ហើយ អត់បបានទាំងប្លង់ អត់បានទាំងផ្ទះនៅ អ្នកខ្លះបង់រំលស់ ខាងក្រុមហ៊ុនអត់ដាក់ជាងសាងសង់។ ហើយក្រុមហ៊ុនកុងត្រា ជាមួយអតិថិជនរយៈពេល ១២ខែធ្វើផ្ទះហើយ ដល់ពេល១២ខែអត់ទាន់ហើយ ក្រុមហ៊ុនធ្វើកុងត្រាសាថ្មីទៀត បន្តតាំងពី១២ខែរហូតដល់៣ ទៅ៤ឆ្នាំ ដោយអត់ព្រមដាក់ជាងសាងសង់ទេ។ ហើយខាងថៅកែបុរីគេចវេស មិនព្រមដោះស្រាយជាមួយអតិថិជនទេ។
ហើយដាក់ពាក្យប្តឹងទៅខណ្ឌឲ្យជួយអន្តរាគមន៍ គឺគេមិនមានដំណោះស្រាយឲ្យទេ បែរជាហៅប្រជាពលរដ្ឋទៅសម្រួល ទៅសម្រួលយ៉ាងម៉េច ប្រជាពលរដ្ឋចង់ឲ្យខាងខណ្ឌហៅ ភាគីទាំងសងខាង មកតទល់គ្នាដោះស្រាយ មិនមែនឲ្យទៅសម្រួលទេ តែខាងខណ្ឌកាន់ជើងខាងបុរី គេអត់មានដំណោះស្រាយឲ្យ ពួកប្រជាពលរដ្ឋ បែរជាឲ្យប្រជាពលរដ្ឋ សម្រួលទៅវិញ សម្រួលម៉េចកើតបើខាងបុរីខុស។

អ្នកស្រីបានបន្តថា ខាងក្រុមហ៊ុន មិនមានដំណោះស្រាយ ឲ្យប្រជាពលរដ្ឋ បែរជានិយាយឲ្យប្រជាពលរដ្ឋ ចង់ប្តឹងទៅដល់ណាប្តឹងទៅ។ ហើយកន្លងមកប្រជាពលរដ្ឋ បានដាក់ពាក្យប្តឹងទៅសង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ តែមិនមានដំណោះស្រាយ ទើបប្រជាពលរដ្ឋនាំគ្នា ឡើងទៅដាក់ពាក្យប្តឹងនៅខុទ្ទកាល័យសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាមន៍។

ទាក់ទងករណីនេះ លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និង បុរី VIP មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×