សៀមរាប ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហម កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានចូលរួមពិធីបុណ្យសពរបស់ អ្នកដោះមីនចំនួន ០៣នាក់ នៃ អង្គការដោះមីនកម្ពុជា (CSHD) ដែលបានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពួកគាត់បានបម្រើការងារបោសសម្អាតមីន មនុស្សធម៌រយៈពេលជិត ១០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០០២។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា វីរជនក្លាហានទាំង៣រូបនេះ គឺលោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ បានប្រថុយគ្រប់យ៉ាងអស់ជាច្រើនឆ្នាំ ក្នុងការបម្រើប្រទេស និងមនុស្សរបស់ខ្លួន ។ ពួកគាត់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព ។ យើងទាំងអស់គ្នា សូមគោរពជីវិត និងការលះបង់របស់ពួកគាត់ ។

ការងារដោះមីន មិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរ ក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឲ្យពួកគេអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រឡាញ់ ហើយការបាត់បង់ជីវិត របស់ពួកគាត់ គឺកើតឡើងពីលទ្ធផល នៃ សង្រ្គាមដ៏រ៉ាំរ៉ៃអូសបន្លាយ រាប់ទសវត្សរ៍នៅកម្ពុជា ។
“ខ្ញុំសូមសម្ដែងនូវ អារម្មណ៍អាណិតអាសូរ សោកស្ដាយ ក្រៀមក្រំ និងអាឡោះអាល័យ ជាទីបំផុតចំពោះ ការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា ព្រម ទាំងបានពាំនាំនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីនថា “ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។ នេះជាការលើកឡើងរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអ្នកដោះមីនទាំងអស់ ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប។
ក្នុងនាមសម្តេចតេជោប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ ក៏ដូចជា បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវ បន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ដែលអាចបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ព្រមទាំងសូម អំពាវនាវឲ្យមិត្តវិស័យមីនទាំងអស់ រួមមានសហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីនឲ្យអស់ ពីទឹកដីកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងចូលរួមការអភិវឌ្ឍនៅកម្ពុជា ។
ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ក្នុងនាម គ្រួសារសព ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហម កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងអាណិតអាសូរ ដល់ជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ព្រមទាំងតែងតែជួយ ឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះ ផងដែរ ។

ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីន ក៏ដូចជា គ្រួសារសព ទេសរដ្ឋមន្រ្តី លី ធុជ សូម ថ្លែងអំណរគុណយ៉ាជ្រាលជ្រៅ ចំពោះកងកម្លាំងកងទ័ពជើងគោក ប្រចាំភូមិភាគខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានជួយអន្តរគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ។
គិតចាប់ពីឆ្នាំ ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន ១៥៤ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់។
គួររំលឹកផងដែរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១និង៣០ នាទី មានករណីផ្ទុះមីនតោននៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យបុគ្គលិកកម្ទេចគ្រាប់ (EOD) របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ០៣នាក់ ស្លា.ប់ និង០១នាក់រងរបួស កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកងពល ក្នុងពេលប្រតិបត្តិការដោះស្រាយ សំណើររបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី















