Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គសន្និបាតក្រសួងយុត្តិធម៌បានជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងអាទិភាព ទាំង ៤

ភ្នំពេញ ៖ សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាព ឆ្នាំ២០២៦ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

សន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំន ក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំង ប្រទេស, ថ្នាក់ដឹកនាំនៃអង្គភាពរដ្ឋបាលតុលាការ, ថ្នាក់ដឹកនាំនៃអង្គភាពអាជ្ញាសាលា, តំណាងក្រឡាបញ្ជី, ព្រមទាំងតំណាងស្ថាប័នអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធរួមមាន អង្គភាពប្រឆាំងអំពើពុករលួយ, អគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈមេធាវីន ព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនសរុបប្រមាណ ៥០០ រូប។

សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ ក៏ដូចជាដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមក្នុងវិស័យនេះ ទាំងលើការអនុវត្តច្បាប់ ទាំងលើការបំពេញការងារនៅក្នុង វិស័យយុត្តិធម៌ ព្រមទាំងដាក់ចេញនូវដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាម គោលនយោបាយ និងទិសដៅយុទ្ធសាស្រ្តដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះ ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និបាតរយៈពេល ២ថ្ងៃ នេះ អង្គសន្និបាតបានស្តាប់នូវបទបង្ហាញលើប្រធានបទចំនួន ៥ រួមមាន៖ (ទី១)-របាយការណ៍លទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងលទ្ធផលនៃយុទ្ធនាការជំរុញ» និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី
នៅតាមតុលាការ, (ទី២)-ការគ្រប់គ្រងថវិកាក្នុងបរិបទគណនេយ្យភាពសមិទ្ធកម្ម, (ទី៣)-ការលើកកម្ពស់ ប្រសិទ្ធភាព និងសុក្រឹតភាពនៃទិន្នន័យថ្កោលទោសជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ, (ទី៤)-បញ្ហាប្រឈមនៅក្នុងរដ្ឋបាលតុលាការ, និង (ទី៥)-កិច្ចការតម្កល់ និងការគ្រប់គ្រង និងការចាត់ចែងនូវវត្ថុចាប់យក ឬវត្ថុតាង។ ទន្ទឹមនេះ អង្គសន្និបាតក៏បានធ្វើការពិភាក្សាលើប្រធានបទចំនួន ៣ រួមមាន៖ (ទី១)-សុពលភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុ, (ទី២)-បញ្ហាប្រឈមនៅក្នុងសំណុំរឿង អនុវត្តដោយបង្ខំ, និង (ទី៣)-ក្របខ័ណ្ឌនៃការដាក់វិន័យសម្រាប់អង្គចៅក្រម។

ពាក់ព័ន្ធនឹងប្រធានបទពិភាក្សាទាំងនេះ, អង្គសន្និបាតពិនិត្យឃើញថា ពិតជាមានការយល់ឃើញ និងការបកស្រាយ ក៏ដូចជាការអនុវត្តផ្សេងៗគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិច្បាប់ប្រាកដមែនក្នុងចំណោម ចៅក្រមដែលជាតួអង្គអនុវត្តច្បាប់។ ប៉ុន្តែ, ទោះជាយ៉ាងណាក្តី អង្គសន្និបាតបានសម្រេចរួមគ្នាក្នុងការ ដាក់ចេញនូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ និងបានរៀបចំចេញជាសេចក្ដីសម្រេចចិត្តរួម របស់អង្គសន្និបាត ហើយត្រូវបានចុះហត្ថលេខារួមដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ សេចក្តីសម្រេចចិត្តនេះ នឹងក្លាយជាមូលដ្ឋានរួម និង ស្មារតីរួម សម្រាប់ជាគតិច្បាប់ក្នុងការអនុវត្តបន្តដោយគ្រប់តួអង្គដែលមានការពាក់ព័ន្ធ សំដៅធានាបាននូវ សង្គតិភាព ឯកភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ព្រមទាំងផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវ និងប្រកបដោយ អនាគតិ និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ អង្គសន្និបាតបានជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមស្មារតីនៃអង្គមហាសន្និបាតវិស័យ យុត្តិធម៌កាលពីឆ្នាំ២០២៤ កន្លងទៅ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងអាទិភាព ទាំង ៤ គឺ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និង សំណុំរឿងក្មេងទំនើង ក៏ដូចជាបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ ។គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” សំដៅរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ជាពិសេស ភាពសុខសាន្តរបស់ប្រជាជន។ បន្ថែមពីនេះ អង្គសន្និបាតបានគាំទ្រ និងប្តេជ្ញាអនុវត្តច្បាប់ឱ្យ បានតឹងរ៉ឹង និងម៉ឺងម៉ាត់ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ក្នុងចំណាត់ការ លើសំណុំរឿងពាក់ព័ន្ធ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសំណុំរឿងសម្អាតប្រាក់ដែលកើតចេញពីការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនថ្មីនេះ ឱ្យអស់ពីកម្ពុជា សំដៅលើកកម្ពស់មុខមាត់ កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជាលើឆាក អន្តរជាតិ។

អង្គសន្និបាតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពី
កម្លាំងកាយចិត្ត ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំងចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញារង, ក្រឡាបញ្ជី, អាជ្ញាសាលា និងមន្ត្រីដែលបម្រើការងារនៅក្នុងវិស័យយុត្តិធម៌ទាំងអស់ ដែលក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរជាទីមោទនៈ ដែលបម្រើឱ្យវិស័យយុត្តិធម៌ និងសង្គមជាតិ ពិសេស បានចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការទាំង ២ ដែលបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើបញ្ហាប្រឈមសំខាន់ៗដែលជា ប្រធានបទនៃកិច្ចពិភាក្សាក្នុងសន្និបាត ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់តាមការរំពឹងទុក។រក្សាសិទ្ធដោយ៖សុទ្ធលី

×