រាជធានីភ្នំពេញ : នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាសហប្រធាននៃអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុកម្ពុជា (អ.គ.ជ.ស.) បានដឹកនាំកិច្ចប្រជុំនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសមាជិក និងសមាជិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក និងសមាជិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៥ និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៦ សំដៅបន្តរក្សាស្ថិរភាពហិរញ្ញវត្ថុកម្ពុជាប្រកបដោយប្រសិទ្ធភាព។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៥ ផ្ដោតលើវឌ្ឍនភាព, ការវាយតម្លៃលើហានិភ័យ និង កាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា។ តាមរយៈ របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុបង្ហាញថា នៅក្នុងឆ្នាំ២០២៥ ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបន្តមានវឌ្ឍនភាព និងរក្សាបានភាពធន់ ទោះបីជាប្រឈមនឹងហានិភ័យជាបន្តបន្ទាប់ ជាពិសេស់ ផលវិបាកដែលនៅ សេសសល់ពីវិបត្តិកូវីដ-១៩ ភាពមិនច្បាស់លាស់នៃការអនុវត្តពន្ធបដិការ ជម្លោះព្រំដែនកម្ពុជា-ថៃ និង ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកល។ គួររំលេចថា ការរក្សាបាន នូវស្ថិរភាពហិរញ្ញវត្ថុមានសារៈសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងការធានាបាននូវជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុ ដែលជាលក្ខខណ្ឌកំណត់ក្នុងការគាំទ្រការវិនិយោគនិង ការអភិវឌ្ឍប្រកបដោយចីរភាព។
អង្គប្រជុំបានកត់សម្គាល់ថា ក្នុងឆ្នាំ២០២៦ ពិភពលោក តំបន់ និងកម្ពុជា បាននិងកំពុង ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា ដែល អាចបង្កជាវិបត្តិថាមពល និងបង្កជាហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា បន្ថែមលើបញ្ហាប្រឈម ដែលមានស្រាប់។ ក្នុងស្ថានភាពនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ នឹងបន្តកិច្ចសហការពង្រឹងការតាមដាន វាយតម្លហានិភ័យ និង ដាក់ចេញគោលនយោបាយនិងវិធានការឆ្លើយតបឱ្យបានទាន់សភាពការណ៍ ប្រកបដោយបុរសកម្មប្រសិទ្ធភាព និងប្រទាក់ក្រឡា សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុកម្ពុជាឱ្យបានរឹងមាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





