Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងសាងសង់ស្ពានអាកាស ស្តុបផ្សារស៊ិនជូរីផ្លាហ្សា នឹងចាប់ផ្តើមសាងសង់ ចាប់ពីខែមិនានេះ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ

ភ្នំពេញ ៖ គម្រោងសាង់សង់ស្ពានអាកាសផ្លូវ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និង
វិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤) គ្រោងនឹងស្ថាបនា ចាប់ពីខែមិនាឆ្នាំ២០២២នេះហើយ ដោយប្រើប្រាស់រយៈពេល នៃការសាងសង់ចំនួនជាង១៤ខែ ពោលគឺ នឹងស្ថាបនាឱ្យបានរួចរាល់នៅមុន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំមួយ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមស ថេតស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ នៃរដ្ឋលេខាធិដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុនOCIC និងមានការចូលរួមពី មន្ត្រីជំនាញមួយចំនួនទៀត។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា គម្រោងស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្ដើម នៅខែមិនាឆ្នាំ២០២២ខាងមុខ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ហើយក្នុងរយៈពេលនេះរហូតដល់ខែមិនា ក្រុមជំនាញនឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។ ស្ពាននេះនឹងធ្វើឡើងស្របពីលើ បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១ ។

គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ
ប្រវែងទទឹងតួស្ពាន ១៥.៨ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០~៥.៥ម៉ែត្រ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានអាកាសថ្មីនេះ យើងនឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសបនៅ ចំណុចខាងលើនេះឯកឧត្តម ឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន ocic សិក្សាពីការសាងសង់ផ្លូវក្រោមដី នៅចំណុចស្ពាននេះបន្ថែមទៀតឲ្យបានលឿនផងដែរ ថាតើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយ ថវិកាប៉ុន្មាននៃផលប៉ះពាល់នេះ ដើម្បីយើងអាចដោះស្រាយស្ទះចរាចរណ៍ នៅតំបន់នេះបានយូរអង្វែង។

ឯកឧត្តម ឃួង ស្រេង បន្តថា ស្ពានអាកាសនិងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ លំហូរសារាចរនៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរ នៅផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ ស្ពានអាកាសថ្មីមួយទៀត នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្ស៊ី)នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×