ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស អតីត សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ដាក់គុក ក្នុងម្នាក់ៗ កំណត់១ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះ.ញង់ឱ្យមហាជន ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការសរសេរសារ ជេរប្រមាថ និងបង្ហោះនៅតាមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស ថ្នាក់ដឹកនាំ នៃរាជរដ្ឋារាជភិបាល ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២១។
លោកសេង ស៊ីសុវុត្ថា ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទទាំង២នាក់ មានឈ្មោះ ធន ច័ន្ទថា ភេទប្រុស អាយុ ៤៤ ឆ្នាំ ជាអតីតចៅរងសង្កាត់ផ្សារដេប៉ូ មកពីកូតា អតីតគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀតមានឈ្មោះ ម៉ី សុផន ភេទស្រី អាយុ ៤៣ ឆ្នាំ ជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិ។
ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ១ និង ពិន័យជាប្រាក់ចំនួន២លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលជាថវិកាជាតិ។

ពួកគេត្រូវបានជាប់ចោទពីបទ ញុះ.ញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ តែពួកគេប្តឹងឧទ្ធរណ៍។
ពួកគេទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីពួកគេ បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់ពួកគេ បង្កើតព័ត៌មានក្លែងក្លាយ និង ជេរប្រមាថដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា យ៉ាងធ្ងន់ធ្ងរ ដែលមិនអាច លើកលែងបាន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


