Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំចេញសេចក្តីណែនាំ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀនតាមគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី
ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀនតាមគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ។

ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការសិក្សារបស់ សិស្ស ដោយជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់បីគឺ សាលារៀន សហគមន៍ និងគ្រួសារ។ ដើម្បី ពង្រឹងប្រសិទ្ធភាព និងលើកកម្ពស់នៃការចូលរួមពីសមគមន៍ និងគ្រួសារ ព័ត៌មានដែលពាក់ព័ន្ធនឹងសាលារៀន ត្រូវមានការផ្សព្វផ្សាយ និងចែករំលែកដើម្បីឱ្យសាលារៀន សហគមន៍ និងគ្រួសារ រួមគ្នាចូលរួមអភិវឌ្ឍ កែលម្អ និងវាយតម្លៃការអប់រំនៅកម្រិតសាលារៀន។

ព័ត៌មានរបស់សាលារៀន ត្រូវមានភាពច្បាស់លាស់ មានភាពសុក្រឹត្យ និងត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងមូល និងជាក់ស្ដែងនៃដំណើរការអប់រំនៅកម្រិតសាលារៀន រួមមាន ព័ត៌មាន ពីសម្ភាររូបវ័ន្តរបស់សាលា គ្រូបង្រៀន សិស្ស បន្ទប់ពិសោធន៍ បណ្ណាល័យ លទ្ធផលសិក្សារបស់សិស្សជាដើម។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (School Management Information System) សម្រាប់គ្រប់គ្រង ចែករំលែក និងប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ឱ្យអនុវត្តនូវប្រព័ន្ធនេះ នៅតាម គ្រឹះស្ថានមធ្យមសិក្សាអប់រំចំណេះទូទៅដែលមានសក្តានុពលគ្រប់គ្រាន់ និងមានតម្រូវការប្រើប្រាស់។ ប្រព័ន្ធនេះ ដាក់ឱ្យអនុវត្តលើបណ្តាញអ៊ីនធឺណិត តាមអាសយដ្ឋាន www.sts.moeys.gov.kh ដែលអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា អប់រំចំណេះទូទៅគ្រប់កម្រិតសិក្សាទាំងអស់បញ្ចូលទិន្នន័យ ផ្ទុកទិន្នន័យ និងទាញយកទិន្នន័យជារបាយការណ៍ផ្សេងៗ។ គ្រឹះស្ថានសិក្សា អាចប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ សម្រាប់បម្រើដល់ការងារគ្រប់គ្រងសាលារៀន គ្រប់គ្រង ទិន្នន័យសិស្ស និងបង្កើតរបាយការណ៍ជាមួយនឹងមុខងារជាច្រើនរួមមាន៖ ការគ្រប់គ្រងលើការចុះឈ្មោះចូលរៀន ការគ្រប់គ្រងពិន្ទុសិស្ស ការគ្រប់គ្រងវត្តមានសិស្ស ការគ្រប់គ្រងការបញ្ចប់ការសិក្សារបស់សិស្ស។ល។ តាមរយៈប្រព័ន្ធ ឌីជីថលនេះ ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកឱ្យគ្រឹះស្ថានសិក្សា រៀបចំនូវលេខសម្គាល់សម្រាប់សិស្សម្នាក់ៗ (Student Identification = Student ID) ព្រមទាំងរៀបចំប័ណ្ណសម្គាល់ខ្លួនសិស្ស។

ដើម្បីធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀនតាមគ្រឹះស្ថានសិក្សាអប់រំចំណេះ
ទូទៅ តាមបណ្តារាជធានី ខេត្ត ឱ្យមានសុក្រឹតភាព ច្បាស់លាស់ និងត្រឹមត្រូវស្របតាមបទដ្ឋានរួម ក្រសួងសូមធ្វើការ ណែនាំដូចខាងក្រោម៖
១. មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវជួយសម្របសម្រួល ផ្សព្វផ្សាយ ណែនាំ និងបណ្ដុះបណ្ដាល បន្តដល់គ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅក្រោមឱវាទរបស់ខ្លួនតាមក្រុង ស្រុក ខណ្ឌ អំពីរបៀបរៀបចំ
លេខសម្គាល់សិស្សឱ្យបានទូលំទូលាយ។

ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូលរួមសម្របសម្រួល និងធ្វើ ការបណ្តុះបណ្តាលបន្តដោយផ្ទាល់លើការរៀបចំនូវលេខសម្គាល់សម្រាប់សិស្សម្នាក់ៗ
(StudentIdentification = Student ID) ព្រមទាំងរៀបចំប័ណ្ណសម្គាល់ខ្លួនសិស្សនៅតាមសាលារៀន។ ៣. គ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ ត្រូវរៀបចំបញ្ជីទិន្នន័យតាមគំរូដែលបានជូនភ្ជាប់នៅក្នុងតារាង
ឧបសម្ព័ន្ធដើម្បីត្រៀមរៀបចំបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀនតាមអាសយដ្ឋាន
www.sts.moeys.gov.kh
សាលារៀនដែលមានបំណងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀននេះ សូមធ្វើការស្នើសំ
និងទំនាក់ទំនងមកនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំតាម QR Code ខាងក្រោម៖
ទទួលបានសេចក្ដីណែនាំនេះ គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាអប់រំ ចំណេះទូទៅ ព្រមទាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×