Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសង្កត់ធ្ងន់ពី “មានហូប”​ ដោយធានាបាននូវសន្តិសុខស្បៀង​ និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត​ ដោយ​ “មានបាន”​ គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបេីកវេទិកាសាធារណៈ​ ដេីម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ថ្លែងទៅកាន់អង្គវេទិកា​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ និងបានយកឱកាសនេះ​ជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម​ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសេីរ​ គណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល​។

ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់ធាតុចូល​និងសង្កត់ធ្ងន់ពី “មានហូប”​ ដោយធានាបាននូវសន្តិសុខស្បៀង​ និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត​ ដោយ​ “មានបាន”​ គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាព​ទៅរកវិស័យឧស្សាហកម្ម​ និងសេវាកម្ម ដេីម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត​ និង “មានប្រេី​​ និងមានរហូត” ពោលគឺមានផលិតផល​ និងកសិផលប្រេីប្រាស់គ្រប់គ្រាន់​ ការការពារធនធានធម្មជាតិ​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន។

តាមរយៈវេទិកានេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានគូសបញ្ជាក់កម្មវិធីចំនួន៣​ រួមមាន៖​ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម​ ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម​ និងការ​គ្រប់គ្រង​ពង្រឹងក្រសួងស្ថាប័ន​ និងសេវាគាំទ្រផ្សេង​ៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ​ ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ​ និងទទួលបានផលចំណេញទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្រ្តី​ លេីកទឹកចិត្តដល់អង្គវេទិកាទាំងអស់បេីកទូលាយ​ចូលរួមពិភាក្សា​ ផ្តល់ធាតុចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត​ ឱ្យស្របតាមគោលដៅ​ គោលនយោបាយ​ ដេីម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្ម​កម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×