ភ្នំពេញ ៖ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តាមរយៈក្រសួងមហាផ្ទៃ បានបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពង្រឹងចំណេះដឹងជូនដល់មន្ត្រីមូលដ្ឋាន។
ឯកឧត្តម ចាន់ សុធា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើនការផ្ទេរថវិការដ្ឋ ជារៀងរាល់ឆ្នាំ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែល រហូតមកទល់ឆ្នាំ២០២១នេះ ថវិកានេះមានចំនួនសរុបប្រមាណជាង ៤.០០០លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

បើតាមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៖ ចំណែកក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលថវិកាសរុប ១,០៤៣ លានដុល្លារ ក្នុងនោះ ៖
១)សម្រាប់ឃុំ សង្កាត់មានថវិកាចំនួន ២០៧ លានដុល្លារ ៖ ឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗ មានថវិកាជាមធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ ឆ្នាំ២០២២ មានចំនួន ១២៧,០០០ដុល្លារ/១ឆ្នាំ
២)សម្រាប់ក្រុង ស្រុកមានថវិកាចំនួន ១៣៩ លានដុល្លារ រួមជាមួយថវិកាផ្ទេរក្នុងវិស័យអប់រំ ប្រមាណជាង ៣៣លានដុល្លារ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩,៣៥៣ ដុល្លារក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មានជាង ៥៧០,០០០ដុល្លារ/១ឆ្នាំ
៣) សម្រាប់រាជធានី ខេត្ត មានថវិកាចំនួន ៦៩៧ លានដុល្លារ រួមបញ្ចូលទាំងថវិកាផ្ទេរក្នុង វិស័យសុខាភិបាលប្រមាណជិត ១៧០លានដុល្លារផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធី អភិវឌ្ឍតាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិ” បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបចំសន្និសីទសារ ព័ត៌មាន ស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ ក្រោមជាតិ» ដែលមានវាគ្មិនចូលរួមគឺ ៖ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។

ខ្លឹមសារនៃសន្និសីទសារព័ត៌មាន មានគោលបំណងពន្យល់ ផ្សព្វផ្សាយដល់សាធារណជន ឱ្យបានជ្រាបច្បាស់អំពី កិច្ចខិតខំប្រឹងប្រែងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន គណៈកម្មាធិការជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជ.អប) និងក្រសួងមហាផ្ទៃជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការកសាងប្រជាធិបតេយ្យ ដែលបានចាក់ គ្រឹះយ៉ាងរឹងមាំ ផ្តើមចេញពីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអទិភាពចម្បងបំផុត។
រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដោយផ្តោតលើការ ធ្វើកំណែទម្រង់ក្នុងវិស័យសំខាន់នានា រួមបញ្ចូលទាំងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ ដើម្បីធានាដល់ការរក្សា និងពង្រឹងសន្តិភាពស្ថិរភាពនយោបាយ និងការជំរុញ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយសមធម៌ និងចីរភាព។
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ ដែលផ្តោតសំខាន់លើការរៀបចំឡើង វិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលកាណ៍ អភិបាលកិច្ចល្អគឺ គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ការចូលរួម ឆ្លើយតប។
កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ចាប់ផ្តើមចាក់គ្រឹះឡើង តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រង តាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នៅឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការបង្ខិតសេវាសាធារណៈ ទៅកៀកជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវា ភាពឆ្លើយ តបទាន់ពេលវេលា រហ័ស និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន នីមួយៗប្រកបដោយប្រសិទ្ធភាព។ ចំពោះដំណើរការនៃការផ្ទេរនេះ មាន២ប្រភេទគឺ៖
វិសហមជ្ឈការ រាជរដ្ឋាភិបាល ឬក្រសួងស្ថាប័នធ្វើប្រតិភូកម្មមុខងារសិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណា មួយដើម្បីអនុវត្តមុខងារនោះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។

វិមជ្ឈការ រាជរដ្ឋាភិបាលប្រគល់នូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និង ធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឱ្យទៅក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដូចជាក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន។
រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ដែលជាសេនាធិការ សម្រាប់ដឹកនាំ សម្របសម្រួល និងគាំទ្រដល់ការ រៀបចំ និងអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលមានក្រសួង ស្ថាប័ន១៦ជាសមាជិក។ គ.ជ.អ.ប បានរៀបចំជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍ និងពង្រឹងភាពជាដៃគូ និងបានកៀរគរការគាំទ ការជំរុញ និងសហការទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ទាំងផ្នែកឯកជន និង អង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នេះ។
ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ៖ បានបង្កើតក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការបោះឆ្នោត ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រង ព្រមទាំងនីតិវិធីអនុវត្តការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ចំពោះរចនាសម្ព័ន្ធនានានៃមន្ទីរសុខាភិបាលរាជធានី ខេត្ត និងមណ្ឌលថែទាំកុមារ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ហើយរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងវិញដោយ ផ្អែកតាមគោលការណ៍រដ្ឋបាលឯកភាព តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញ នានារបស់ក្រសួងចំនួន២០ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនាឆ្នាំ២០១៩។
ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៖ បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់សិទ្ធិអំណាចដល់ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់ខ្លួន និងបានផ្ទេរបុគ្គលិកចំនួនប្រមាណជាង៤០,០០០នាក់ (ក្រសួងមហាផ្ទៃប្រមាណជាង ៧.០០០នាក់ ក្រសួងសុខាភិបាលជាង ២០.០០០នាក់ និងក្រសួងជំនាញចំនួន២០ បានផ្ទេរ បុគ្គលិកចំនួនជិត ២០.០០០នាក់)។
អំពីវិមជ្ឈការហិរញ្ញវត្ថុ បានបង្កើតនូវប្រព័ន្ធផ្ទេរធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និង ប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ នៅក្នុង ក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរមន្ត្រីជាង ៤ម៉ឺននាក់ហើយ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយបានផ្តល់សិទ្ធិអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចក្នុងការជ្រើសរើស ឬបណ្តេញមន្ត្រីចេញពីក្របខណ្ឌ ក្នុងបំណងបង្កើនប្រសិទ្ធភាពការអភិវឌ្ឍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះ គ.ជ.អ.ប បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់ខ្លួន។ ក្នុងនោះ បុគ្គលិកចំនួនជាង ៤០.០០០នាក់ ត្រូវបានផ្ទេរចេញពីការគ្រប់គ្រងនៅថ្នាក់ជាតិ ទៅស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។
មន្ត្រីដែលបានផ្ទេរការគ្រប់គ្រងពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនេះ រួមមាន៖ ក្រសួងមហាផ្ទៃជាង ៧,០០០នាក់ ក្រសួងសុខាភិបាលជាង ២០,០០០នាក់ និងក្រសួងជំនាញចំនួន២០ បានផ្ទេរបុគ្គលិកជិត ២០.០០០នាក់។
ឯកឧត្តម ចាន់ សុធាន បានអះអាងបែបនេះថា យើងបានផ្ទេរមន្ត្រីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះយើងបានផ្ទេរមន្ត្រីប្រមាណជាង ៤ម៉ឺននាក់ ផ្ទេរទៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនមែនជាមន្ត្រីរបស់ក្រសួងស្ថាប័នណាមួយទេ។ ជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង ការដឹកនាំរបស់ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់។
ទាក់ទិនការផ្ទេរបុគ្គលិកនេះ យើងក៏ផ្ទេរសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តទៅឱ្យក្រុមប្រឹក្សា ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ពីមុនមន្ត្រីទាំងអស់នេះ សុទ្ធតែជាមន្ត្រីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ក្រសួងស្ថាប័នថ្នាក់ជាតិ ជាអ្នកជ្រើសរើស ជាអ្នកតែងតាំង ជាអ្នកដំឡើងឋារន្តរស័ក្តិ ជាភារកិច្ចរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ពីមុនការកំណែទម្រង់នេះ។ សូម្បីតែតែងតាំងអនុប្រធានការិយាល័យមួយនៅថ្នាក់ស្រុក ក៏ត្រូវតែងតាំងដោយក្រសួងស្ថាប័ន ដោយរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន។ ប៉ុន្តែកំណែទម្រង់យើងនេះ មកដល់ពេលនេះយើងបានផ្ទេរការសម្រេចចិត្តទៅឱ្យថ្នាក់ក្រោមជាតិហើយ ការតែងតាំងមន្ត្រីនៅក្នុងរដ្ឋបាលខេត្ត គឺខេត្តជាអ្នកតែងតាំងដោយខ្លួនឯង ទៅថ្នាក់ក្រុង-ស្រុក គឺក្រុង-ស្រុក តែងតាំងដោយខ្លួនឯង។ ឥឡូវនេះ យើងឱ្យមិនត្រឹមតែតែងតាំងទេ តាំងពីការជ្រើសរើស ការបញ្ចូលក្របខណ្ឌ ការតែងតាំង ការផ្លាស់ប្តូរ ការដំឡើងឋានន្តរស័ក្តិ ការដកហូតមុខតំណែង ការបណ្តេញចេញពីក្របខណ្ឌ ការដាក់ឱ្យចូលនិវត្តន៍ គឺប្រគល់កិច្ចការនេះ ការសម្រេចចិត្តទាំងអស់នេះទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ថ្នាក់ជាតិអត់អនុវត្តន៍សិទ្ធិអំណាចនេះទៀតទេ»។
ឯកឧត្តម ចាន់ សុធា ដើម្បីជំរុញប្រសិទ្ធភាពការងារអភិវឌ្ឍនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាលមិនត្រឹមតែផ្ទេរសិទ្ធិអំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ តែក៏បានបង្កើនខ្ទង់ថវិកាសម្រាប់ចំណាយផងដែរ។ ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលថវិកាសរុប ១,០៤៣ លានដុល្លារ
ក្នុងនោះឃុំ សង្កាត់ទូទាំងប្រទេសទទួលបានថវិកាចំនួន ២០៧លានដុល្លារ, ក្រុង ស្រុក ទទួលបានថវិកាចំនួន ១៣៩ លានដុល្លារ និងរាជធានី ខេត្ត ទទួលបានថវិកាប្រមាណ ៦៩៧លានដុល្លារ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




