Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអះអាងថា វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នឹងមិនរងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកទេ

ភ្នំពេញ៖ អ្នកជំនាញអះអាងបែបនេះដោយសារតែប្រភពទុននៅក្នុងវិស័យធនាគាររបស់កម្ពុជាសព្វថ្ងៃភាគច្រើនមានប្រភពពីការវិនិយោគក្នុងស្រុកផ្ទាល់។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា គោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងមិនប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះទេ ព្រោះប្រភពទុននៅក្នុងវិស័យធនាគាររបស់កម្ពុជាសព្វថ្ងៃ​ភាគច្រើន មានប្រភពពីការវិនិយោគក្នុងស្រុកផ្ទាល់។​

លោកបានបញ្ជាក់ថា ប្រភពទុនរបស់គ្រឹះស្ថានធនាគារនៅកម្ពុជានាពេលបច្ចុប្បន្ន គឺបានមកពីការវិនិយោគរបស់អតិថិជនក្នុងស្រុកដែលមានរហូតដល់ទៅ ៧០ភាគរយនៃប្រភពទុនសរុប ជាមួយនឹងកំណើនប្រចាំឆ្នាំ ២០ភាគរយជារៀងរាល់ឆ្នាំ ខណៈប្រភពទុនពីបរទេសមានប្រហែល ១៥ភាគរយប៉ុណ្ណោះ។

លោក បន្តថា ប្រព័ន្ធនាគារសព្វថ្ងៃ មានភាពរឹងមាំ ដោយសារប្រភពទុន បានមកពីបរទេសគឺមានលក្ខណៈសម្បូរបែប ក្នុងនោះ មានការវិនិយោគពីប្រទេសក្នុងតំបន់ និងអឺរ៉ុប។ ដូច្នេះ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នឹងមិនបង្កផលប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ហើយបើសិនជាប៉ះពាល់ក៏ក្នុងកម្រិតតិចតួចដែរ។

លោកបានបន្ថែមទៀតថា កន្លងមកធនាគារកណ្តាលសហរដ្ឋអាមេរិក ធ្លាប់បានធ្វើបែបនេះដែរ ហើយកាលនោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនមានការដំឡើងអត្រាការប្រាក់នោះឡើយ។ ហើយបន្ថែមលើនេះ ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩នេះ គ្រឹះស្ថានធនាគារ បានទម្លាក់ថ្លៃអត្រាការប្រាក់ថែមទៀតផង ដែលបង្ហាញពីភាពរឹងមាំរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

គួរបញ្ចាក់ថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជន ដែលមានអត្រា ១៥,៤ភាគរយ ស្មើនឹង ៣៨,៥ពាន់លានដុល្លារ នៅឆ្នាំ ២០២១ ធៀបនឹងឆ្នាំ ២០២០។ ចំណែកកំណើនឥណទាន បានបន្តកើនឡើង ២១,២ភាគរយ នៅឆ្នាំ ២០២១ ដែលមានទំហំទឹកប្រាក់ ៤៥,៧ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ៕

×