ភ្នំពេញ៖ បើទោះបីជួបវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏កម្ពុជា នៅតែបន្តការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែក ជើង និងការបូបធ្វើដំណើរ ក្នុងតម្លៃទឹកប្រាក់ជិត ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២១។
បើតាមរដ្ឋមន្ត្រីក្រសួងក្រសួងការងារ ផលិតផលវាយនភណ្ឌកាត់ដេររបស់កម្ពុជា បច្ចុប្បន្ន នៅតែបន្តក្លាយជាទំនិញនាំចេញដ៏សំខាន់មួយ ដែលរួមចំណែកដល់ទៅ ៦៣ ភាគរយ នៃទំហំទឹកប្រាក់នាំចេញសរុប បើទោះបីរាជរដ្ឋាភិបាលកំពុងធ្វើពិពិធកម្មនាំចេញផលិតផលមិនមែនកាត់ដេរ ដែលនាំទៅដល់ការថមថយក្នុងចំណែកទឹកប្រាក់នាំចេញសរុបជាបណ្តើរៗក៏ដោយក្តី។
នៅក្នុងសន្និបាតលើកទី ១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះមានអត្រាប្រហែល ១០%។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួច នៅក្នុងឆ្នាំ២០២០ តែវាបានងើបឡើងវិញយ៉ាងល្អ ជាក់ស្តែង នៅឆ្នាំ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះ មានប្រមាណជិត ១០ពាន់លានដុល្លារ ឬប្រមាណ ៦៣ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ឯកឧត្តម បន្តថា គិតត្រឹមចុងឆ្នាំ ២០២១ រោងចក្រ សហគ្រាស ដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះ បានកើនដល់ប្រមាណជាង ១២០០រោងចក្រ និងកម្មករនិយោជិតប្រមាណជិត ១លាននាក់ ក្នុងប្រព័ន្ធបានទទួលការងារធ្វើផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបសកម្ពុជា សម្រាប់ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលកាបូបសម្រាប់ធ្វើដំណើរ៕