គិតត្រឹមចុងឆ្នាំ២០២១ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើង ១៥,៩% (ដល់ ២៣៦,៧ ទ្រីលានរៀល ស្នើនឹង ៥៨ប៊ីលានដុល្លារអាមេរិក) ហើយឥណទានអតិថិជនកើន ២០,៣ % (ដល់ ១៥០,៤ទ្រីលានរៀល ស្នើនឹង ៣៦,៨ ប៊ីលានដុល្លារអាមេរិក) ជាមួយនឹងចំនួន ១,២ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ ពីធនាគារជាតិនៃកម្ពុជា។
របាយការណ៍បានបន្តថា ឥណទានត្រូវបានបែងចែកទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ច ដូចជា៖ ការជួញដូររាយ ១៥,៥% ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១៣,២% ការជួញដូរដុំ ៩,៧% ការឲ្យខ្ចីជាបុគ្គល ១០% សំណង់ ៩,៧% ការជួញដូរអចលនទ្រព្យ ៨,៤% កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ៧,៤% និងផ្សេងៗ ២៦,១%។
ដោយឡែកប្រាក់បញ្ញើបានកើនឡើង ១៤,៩% ដល់ ១៣៩,៤ទ្រីលានរៀល (ស្នើនឹង ៣៤,១ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ៩,២លានគណនី។ ទីស្នាក់ការកណ្តាលនិងសាខារបស់គ្រឹះស្ថនាធនាគាមាន ១.៣៤៨ ទីតាំង និងម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវិត្ត មាន ៣.២៣៥។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។
ឯកឧត្តម ជា ចាន់តូ បានលើកឡើងដែរថា ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស៕