ព្រះវិហារ៖ ករណីគ្រោះថ្នាក់ចរាចរ ជនជាតិចិនបើករថយន្ត Fordស៊េរីទំនើប បុកជាមួយរថយន្តដឹកប្រេង មនុស្ស៣នាក់ រងបួសធ្ងន់-ស្រាល នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦៤ ចំណុចអូរប្រាំព្យាម ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ថា រថយន្ត Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA 9744 ជារថយន្តរបស់ក្រុមហ៊ុនចំការអំពៅ រ៉យហ្វេង របស់ជនជាតិចិន ហើយអ្នកបើករថយន្ត គឺជាជនជាតិចិន ដោយមានអ្នករួមដំណើរ៥នាក់ទៀត រួមជាមួយជនជាតិខ្មែរ។ ចំណែកខាងរថយន្តដឹកប្រេង មិនមានរបួសនោះទេ គ្រាន់តែខូចផ្នែកខាងមុខ។ រថយន្តដឹកប្រេងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប៊ីវីអឹម ភេត្រូលៀម ។
រថយន្ត Ford បើកបរក្នុងទិសដៅ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ដោយមានមនុស្ស៦នាក់ ជិះក្នុងរថយន្តលុះដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង រថយន្ត Ford បានជ្រុលចង្កូត ចូលផ្លូវរថយន្តដឹកប្រេង ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តដឹកប្រេងរេធ្លាក់ចេញពីផ្លូវ ទៅលើចិញ្ចើមផ្លូវ ចំណេករថយន្ត Ford បានរងការខូចខាតខ្ទេចផ្នែកខាងមុខទៅមុខលែងរួច នៅកណ្តាលផ្លូវជាតិ និងបណ្តាលឲ្យមនុស្សរបួសធ្ងន់-ស្រាល ចំនួន៣នាក់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ៖ បញ្ញាស័ក្តិ