Thursday, June 30, 2022

រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសបានបន្តថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំង សំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ផងដែរ។

លោកជំទាវរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើតក៏រំពឹងថានឹងមានជំនួបដាច់ឡែកពីគ្នា ជាមួយឥស្សរជនកម្ពុជា មកពីវិស័យសាធារណៈ និងឯកជន ដទៃទៀតផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើត ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ