Sunday, May 22, 2022

ក្រុមវេជ្ជសាស្រ្តចិន ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស និងជួយជំរុញការអភិវឌ្ឍន៍ វិស័យឱសថបុរាណ របស់កម្ពុជា

ភ្នំពេញ៖ លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន បានថ្លែងថា អាជ្ញាធរចិន បញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺវីរុសកូវីដ១៩ មកកម្ពុជា , ក្រុមវេជ្ជសាស្រ្តចិន មិនត្រឹមតែជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍន៍ វិស័យឱសថបុរាណរបស់កម្ពុជា ចូលរួមចំណែកថ្មី ក្នុងការកសាងសហគមន៍វាសនារួម រវាងចិននិងកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៥ខែមករា លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន បានជួបពិភាក្សាការងារជាមួយឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ក្នុងទីស្តីការក្រសួងសុខាភិបាល និងព្រមទាំងបានតំណាងឱ្យភាគីទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន និងក្រសួងសុខាភិបាលកម្ពុជា ស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន ប្រយុទ្ធជំងឺវីរុសកូវីដ១៩មកកម្ពុជា។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Wu Zhendou ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីខាងលើ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអរគុណដល់ភាគីចិន ដែលបានផ្តល់ជំនួយ សាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។

ឯកឧត្តម បានថ្លែងគាំទ្រយ៉ាងពេញទំហឹង របស់ភាគីចិន លើកិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជា និងប្រសិទ្ធភាពនៃឱសថបុរាណចិន Lianhua Qingwen Jiaonang និងឱសថបុរាណចិនHuashi Baidu Granules ក្នុងការព្យាបាលជំងឺវីរុសកូវីដ១៩ និងយល់ថា ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន មកកាន់កម្ពុជា នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ ជួយជំរុញការអភិវឌ្ឍន៍ ចំណងមិត្តភាពរវាងចិននិងកម្ពុជា។

លោក Huang Luqi មានប្រសាសន៍ថា ចិននិងកម្ពុជា ជាប្រទេសជិតខាងល្អនឹងគ្នា។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក ចិននិងកម្ពុជាបានពួតដៃគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូ នៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ ជំងឺវីរុសកូវីដ១៩ជូនដល់សហគមន៍អន្តរជាតិ។ ភាគីចិន នឹងសម្រេចចិត្តបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន មកកាន់កម្ពុជា គឺជាសកម្មភាពដ៏សំខាន់ ក្នុងការអនុវត្តកុងសុងស៊ីស នៃថ្នាក់ដឹកនាំទាំងពីរប្រទេស។

លោក Huang Luqi សង្ឃឹមថា នឹងសហការយ៉ាងស្អិតរមួត ជាមួយភាគីកម្ពុជា ដើម្បីលើកកម្ពស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ទៅជាមន្ទីរពេទ្យស្ដង់ដារកម្រិតខ្ពស់ ក្នុងប្រទេស ជឿជាក់ថា ក្រុមវេជ្ជសាស្រ្តចិន មិនត្រឹមតែជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍន៍ វិស័យឱសថបុរាណរបស់កម្ពុជាផងដែរ ចូលរួមចំណែកថ្មី ក្នុងការកសាងសហគមន៍វាសនារួម រវាងចិននិងកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងខាងលើនេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តបុរាណចិន មកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុស នឹងបំពេញបេសកកម្ម ជាជំនួយវេជ្ជសាស្រ្ត ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ចំនួនមួយឆ្នាំ ដែលជាមន្ទីរពេទ្យជំនួយ សាងសង់ដោយភាគីចិន។ នេះគឺជាក្រុមវេជ្ជសាស្រ្តចិន ថ្នាក់ជាតិដំបូងគេ នឹងត្រូវបានចាត់បញ្ជូនមកកាន់ក្រៅប្រទេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី