ជាកិច្ចរួមចំណែកជួយអភិរក្សការចងចាំរួមរបស់ប្រជាជនខ្មែរ ដែលធ្លាប់ជាជាតិធំមួយក្នុងឧបទ្វីបឥណ្ឌូចិន មានទឹកដីដ៏ធំមហាធំធេងក្នុងអតីតកាល យើងសូមបង្ហាញនូវវត្ថុសិល្បៈខ្មែរសំខាន់ៗមួយចំនួន ដែលគេរកឃើញក្នុងអាណាខេត្តថៃមួយចំនួន ។
ព្រះវិស្ណុ , ស្រីពេទ (សារមន្ទីរបាងកក)ព្រះវិស្ណុ ខេត្តភេត្របុរីព្រះកេសព្រះវិស្ណុ , សារមន្ទីរខេត្តលពបុរី
វត្ថុសិល្បៈបុរាណខ្មែរទាំងនោះ ដែលត្រូវកសាងឡើងក្នុងអំឡុងសតវត្សរ៍ទី៦ និងទី៧ គឺជាភស្តុតាងប្រវត្តិសាស្ត្រ បង្ហាញភាពរីកចំរើនលើគ្រប់វិស័យ ជាពិសេសវិស័យសិល្បៈហួសពីការស្មាន ។
ទីក្រុងអ៊ូថង (សារមន្ទីរហ្គីមេ)ព្រះវិស្ណុ (ខេត្តប្រាជិនបុរី), ឯកសារក្រុមវិចិត្រសិល្បៈថៃ
សូមជម្រាបថា យើងមិនអាចរៀបរាប់ឲ្យអស់នូវសិល្បៈបុរាណខ្មែរក្នុងប្រទេសថៃបច្ចុប្បន្ន ដែលជាផ្នែកមួយនៃដែនដីបុរាណរបស់ខ្មែរបានទេ គឺគ្រាន់តែបង្ហាញនូវស្នាដៃធំៗប៉ុណ្ណោះ ដែលជាសមិទ្ធផលវប្បធម៌របស់ដូនតាខ្មែរយ៉ាងពិតប្រាកដ ។
ព្រះវិស្ណុ , ខេត្តផាងង៉ា (ឯកសារក្រុមវិចិត្រសិល្បៈថៃ)ព្រះសិវលិង្គនិងទម្រ, ស្រីទេព (សារមន្ទីរខេត្តសុខោទ័យ)
ចម្លាក់ធ្វើពីថ្មភក់សំខាន់ជាងគេ ដែលបានរកឃើញនៅខេត្តអារញ្ញ ស្រះកែវបច្ចុប្បន្នពីសម័យដើមហៅថា ប្រាជិនបុរី (បច្ចឹមបុរី) គឺចម្លាក់តំណាងឲ្យព្រះនាងទូគ៌ា ។ ទោះបីជាចម្លាក់បុរេអង្គនេះ ស.តទី៦-៧ បានបាត់បង់ព្រះកេសក៏ដោយ ក៏ត្រូវគេចាត់ទុកថា ជាចម្លាក់មួយយ៉ាងសំខាន់ដែលមានកំពស់១ ម៉ែត្រ១០ ។ តាមពិតចម្លាក់នេះគឺជាតឹកតាងប្រវត្តិសាស្ត្រ ដែលបង្ហាញវឌ្ឍនភាពនៃព្រហ្មញ្ញសាសនាក្នុងតំបន់នេះ នាសម័យចេនឡា ។
ព្រះពុទ្ធអង្គមាស , ខេត្តប្រាជិនបុរីព្រះពុទ្ធអង្គមាស , ខេត្តប្រាជិនបុរី
យើងអាចលើកឧទាហរណ៍ដ៏ធំមួយទៀត មកពីខេត្តសុផាន់បុរី (សុវណ្ណបុរី) គឺចម្លាក់ព្រះវិស្ណុ ដែលស្ថិតក្នុងសម័យកាលដូចគ្នា ដែលសព្វថ្ងៃត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង ។
នៅខេត្តល្វ ឬលពបុរី របកកំហើញខាងបុរាណវិទ្យាបានឲ្យដឹងថា មានរូបសំណាកបុរេអង្គរជាច្រើន ត្រូវបានគេរកឃើញ ហើយបច្ចុប្បន្នតម្កល់នៅក្នុងសារមន្ទីរនៃខេត្តនេះ ដូចករណីចម្លាក់ព្រះកេសព្រះវិស្ណុថ្មជាដើម ។
បើយើងពិនិត្យមើលចម្លាក់បែបព្រាហ្មណ៍និយមនៅស្ថានីយស្រីមហាពោធិ៍ យើងពិតឃើញចម្លាក់ដ៏សំខាន់ៗ ដែលក្នុងនោះមានចម្លាក់តំណាងឲ្យព្រះនារាយណ៍ និងព្រះពុទ្ធអង្គទាំងឡាយសំខាន់ៗ ដែលបុព្វការីជនខ្មែរបានបន្សល់ទុកជាកេរ្តិ៍ ដោយសមស្របទៅតាមលក្ខណៈបច្ចេកទេសខ្មែរសុទ្ធសាធ ។
ឆ្លងតាមរយៈរបាយការណ៍ស្រាវជ្រាវខាងបុរាណវិទ្យា យើងក៏បានដឹងទៀតថា មានចម្លាក់ធំៗបែបព្រាហ្មណ៍និយមជាច្រើនអង្គ ដែលត្រូវបានរកឃើញនៅទីក្រុងស្រីទេព នៅក្នុងខេត្តភេតប៊ូន (ពេជ្របុរី)បច្ចុប្បន្ន ដែលសព្វថ្ងៃដម្កល់ទុកនៅសារមន្ទីរបាងកក ដូចជាករណីព្រះវិស្ណុ និងព្រះក្រឹស្តក្នុងឥរិយាបថឈរជាដើម ។
ក្បាច់ផ្តែរ ស.វទី៦ រចនាបថថលាបរិវ័ត, ខេត្តចន្ទបុរី (សារមន្ទីរបាងកក)
ដោយឡែកនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន នៅខេត្តយ៉ាឡា ផាងង៉ា និងនៅខេត្តនគរស្រីធម្មរាត (នគរស្រីធម្មរាជ) ទេវរូបសំខាន់ៗជាច្រើនអង្គតំណាងព្រះវិស្ណុ ត្រូវបានគេរកឃើញដែលជាធម្មតា ស្ថិតក្នុងសម័យអន្តរកាលរវាងនគរភ្នំ និងនគរចេនឡា ។ នៅឯខេត្តចន្ទបុរី (ចន្ទប៊ូន) ឯណោះវិញ គេជួបប្រទះនូវក្បាច់ផ្ដែរមួយចំនួន ដែលស្ថិតក្នុងរចនាបថ ថលាបរិវ័តព្រៃក្មេង និងកំពង់ព្រះ។
សរុបសេចក្តីមក បដិមាទាំងនេះជាសក្ខីកម្មនៃវឌ្ឍនភាពយ៉ាងពិតប្រាកដ របស់ជនជាតិខ្មែរពីសម័យដើម ក្នុងប្រទេសថៃបច្ចុប្បន្ន ដែលបានផ្សារភ្ជាប់ជាមួយខឿនវប្បធម៌បុរេអង្គរ និងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដ៏រុងរឿងក្នុងអតីតកាលដ៏យូរលង់ ។ តែគួរឲ្យសោកស្ដាយណាស់ ដោយសារខ្វះការស្រាវជ្រាវលំអិត និងការឈ្លានពានកន្លងមករបស់បរទេស ជនជាតិខ្មែរដែលសង្គមជាតិត្រូវបានបំផ្លិចបំផ្លាញស្ទើរតែគ្មានសល់ បានបាត់បង់មួយភាគធំនៃការចងចាំរួម ជាពិសេសប្រវត្តិសាស្ត្រនៃភូមិភាគខាងត្បូង នៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដែលធ្លាប់ជាទឹកដីរបស់អតីតនគរភ្នំ ។ យ៉ាងណាមិញ កម្រណាស់ដែលមានការសិក្សាអំពីវិស័យសិល្បៈស្ថាបត្យកម្មបុរេអង្គ ក្នុងភូមិភាគនេះ ដោយអ្នកឯកទេសខ្មែរ ឬបរទេស ៕ (ម.ត្រាណេ)