Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តី វេង សាខុន ៖ ផ្លែទុរ៉េន មានរសជាតិឆ្ងាញ់ មានតម្លៃលើទីផ្សារខ្ពស់ ដែលម្ចាស់ចម្ការ ទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ

spot_img

ត្បូងឃ្មុំ ៖ ដំណាំ ទុរ៉េនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ , ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរ៉េន នៅតាមតំបន់នីមួយៗដែលមានសក្តានុពល , ផ្លែទុរ៉េនមានរសជាតិឆ្ងាញ់ មានតម្លៃលើទីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និងជាពិសេសយើងចង់ឲ្យផលិតផលនេះ មានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ក្នុងឱកាសអញ្ជើញពិនិត្យដំណាំទុរ៉េនរបស់ លោកសុខ ឡេង នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អញ្ជើញពិនិត្យដើមទុរ៉េនផ្ទាល់ លោកសុខ ឡេង បានរៀបរាបជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា លោកបានដាំទុរ៉េនមករយៈពេល ២៣ឆ្នាំមក ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ហិកតា ជាបណ្តើរៗ លោកបានពង្រីកផ្ទៃដីដាំដុះរហូតបាន ២០ហិកតា។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ហិកតា ដោយទទួលបានទិន្នផលចំនួន ១០០តោន។ លោកបានបន្តថា ដាំណាំទុរ៉េនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ លក់ក្នុងតម្លែ ២០០០០រៀល ក្នុងមួយគីឡូក្រាម។ នៅទូទាំងស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មានផ្ទៃដីដាំដុះសរុប ១០៦ហិកតា ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហិកតាប៉ុណ្ណោះ សល់ពីនេះ នឹងផ្តល់ផលជាបន្តបន្ទាប់ នៅពេលខាងមុខ។ ដោយឡែក នៅទូទាំងខេត្តត្បូងឃ្មុំ មានផ្ដីដាំដុះទុរ៉េនសរុបចំនួន ៦១០ហិកតា (មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ និងស្រុកអូររាំងឪ) ក្នុងនោះផ្ទៃដីប្រមូលផលបានប្រមាណ ៣០០ហិកតា ទទួលបានទិន្នផល ៤ ៥៤៨តោន ជាមធ្យម (តួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ)។

ឆ្លៀតយកពេលសំណេះសំណាល ជាមួយម្ចាស់ចម្ការ និងបុគ្គលិក កម្មករធ្វើការក្នុងចម្ការ ក្រោម ម្លប់ដើមទុរ៉េន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានចូលរួមអបអរសាទរ ជាមួយម្ចាស់ចម្ការ ដែលទុរ៉េនកំពុងចាប់ផ្តើមចេញផ្កា ផ្តល់ផលនៅពេលអំឡុងខែឧសភាខាងមុខ។

ឯកឧត្តម បានលើកឡើងថា ដំណាំ ទុរ៉េនគឺជាដំណាំដែលមានសក្តានុពល ផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗ ទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់។

ឯកឧត្តម បានបន្តថា ផ្លែទុរ៉េនមានរសជាតិឆ្ងាញ់ មានតម្លៃលើទីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និងជាពិសេសយើងចង់ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ៣ចំណុចសំខាន់ ៖

ទី១- ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរ៉េន នៅតាមតំបន់នីមួយៗដែល មានសក្តានុពល។ កត្តានេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភព ផ្សេងៗ។ល។

ទី២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួរៀបចំសម្របសម្រួលការងារលើចំណុចទី១ ខាងលើឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។

ទី៣- មានវត្តមានឯកឧត្តមប្រតិភូ ងិន ឆាយ , ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំ ឲ្យអគ្គនាយកដ្ឋានកសិកម្ម សិក្សាពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ របស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន សិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។ គួរសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែម អំពីលទ្ធភាពនាំចេញទុរ៉េន កម្ពុជាទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×