Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ពិនិត្យរបាយការណ៍ ស្តីពីសកម្មភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធ នឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ

spot_img

ភ្នំពេញ ៖ នារសៀល ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាប្រធានអនុគណៈកម្មកា ចំពោះកិច្ចអនុវត្តផែនកា សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( អ.អ.ផ.)។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សា ដោយផ្តោតជាសំខាន់ ទៅលើរបាយការណ៍ ស្តីពីសកម្មភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធ នឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជា លើកទិសដៅការងារ និងការរៀបចំយន្តការការងារ ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពការងារ ដែលត្រូវបានដាក់ចេញ ដោយក្រុមការងារត្រួតពិនិត្យរួម នៃក្រុមអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRC-JG)។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់ មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញនូវផែនការ និងទិសដៅការងារមួយចំនួន ព្រមទាំងបានបែងចែកតួនាទី និងភារកិច្ចជូនឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ក្នុងគោលដៅពង្រឹងការអនុវត្តផែនការសកម្មភាពការងារ ដែលត្រូវបានដាក់ចេញដោយ ICRC-JG សំដៅធានាឱ្យកម្ពុជា ទទួលបានការវាយតម្លៃល្អ ក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ តាមរយៈការវាយតម្លៃរបស់ ICRC-JG ដែលនឹងប្រព្រឹត្តទៅនៅក្នុងមហាសន្និបាត របស់ក្រុមការងារ ហិរញ្ញវត្ថុ ( Financial Action Task Force – FATF) នាខែកុម្ភៈខាងមុខនេះ។
ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យឯកឧត្តម និងលោកជំទាវ ខិតខំបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជា ពង្រឹងកិច្ចសហការប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្តទៀត។

សូមគូសបញ្ជាក់ផងដែរថា អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ របស់ក្រុមការងារត្រួតពិនិត្យរួមនៃ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការ អន្តរជាតិ (អ.អ.ផ.) ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ០០១ សសរ/គសហ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អ.អ.ផ. មានតួនាទី និងភារកិច្ចចម្បងៗ ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពការងាររបស់ ICRC-JG រហូតដល់ប្រទេសកម្ពុជា ត្រូវបានដកចេញ ពីបញ្ជីប្រផេះ, សិក្សាស្រាវជ្រាវលើប្រភពបញ្ហាដែលបង្កការរាំងស្ទះ និងយឺតយ៉ាវ ដល់ការអនុវត្តផែនការសកម្មភាពនេះ, រៀបចំប្រតិបត្តិការស្តង់ដា សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងដឹកនាំនិងត្រួតពិនិត្យ ការអនុវត្តរបស់ក្រសួង-ស្ថាប័ន ដែលទទួលខុសត្រូវ ក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×