ភ្នំពេញ ៖ លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាបន្ទាន់មួយ បង្គាប់ឲ្យដោះលែង លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យមានសេរីភាពឡើងវិញ។
ក្នុងដីការបស់លោក លី លឹមម៉េង បានបង្គាប់ឱ្យដោះលែង ដោយបានបញ្ជាក់ថា៖ បង្គាប់មក លោកប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ (PJ) ឱ្យដោះលែងជនត្រូវចោទឈ្មោះ ញិក ប៊ុនឆៃ (ញឹក ប៊ុនឆៃ) ភេទប្រុស អាយុ៥៩ឆ្នាំ (០៧.០២.១៩៥៨) ជនជាតិខ្មែរ មខុរបរ ប្រធានគណបក្សខ្មែររួបរួមជាតិ ទីកន្លែងកំណើត ភូមិតាអុងខាងលិច ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង មានទីលំនៅនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ២២G ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ឪពុកឈ្មោះ ញឹក ឆេន (ស) ម្តាយឈ្មោះ អួន សាម៉េត (ស) ប្រពន្ធឈ្មោះ សម សុភាព (រ) មានកូន៤នាក់ ទោសពីមុនគ្មាន ជានីតិជន។ ត្រូវបានតុលាការ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទៈ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ មាត្រា ៣២.១ ចំណទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បើសិនជាឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀត”។
លោក ញឹក ប៊ុនឆៃ ត្រូវបានចោទប្រកាន់ចំនួន២បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០០៧ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេលជិត១ឆ្នាំ។
លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) បានប្រាប់ថា លោក ញឹក ប៊ុនឆៃ នឹងត្រូវដោះលែង ឱ្យចាកចេញពីពន្ធនាគារ នៅព្រឹកថ្ងៃទី១ខែឧសភា ខណៈ ដីកាដោះលែង លោក ញឹក ប៊ុនឆៃ បានមកដល់ពន្ធនាគារ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ប៉ុន្តែដោយសារតែការមកដល់នេះ បានផុតម៉ោងរដ្ឋបាល ទើបការដោះលែងនឹងធ្វើឡើងនៅព្រឹកនេះតែម្តង។
គួរបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅភូមិគ្រឹះរបស់លោក ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕ ដោយ៖បញ្ញាស័ក្តិ