ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតនៅក្នុងចំណោម សេដ្ឋកិច្ចតំបន់ អាស៊ីបូព៌ាដែលរងការខូចខាត យ៉ាងដំណំដោយសារ ការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ច ឱ្យមានកំណើនទៀងទាត់ឡើងវិញ បានតាមរយៈការបង្កើន ផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការ នានាឈានទៅជំរុញ ការវិនិយោគ ក្នុងស្រុកថែមទៀត។ នេះបើយោងតាមធនាគារពិភពលោក នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

កម្ពុជាធ្លាប់សម្រេច បានកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ៧,៧ភាគរយ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ១៩៩៥ ដល់ ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះ បានស្រុតចុះយ៉ាងគំហុក អស់ចំនួន១០,១ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ច រួមមាឌអស់ ឬដក៣,១ភាគរយ ក្នុង ឆ្នាំ ២០២០ មុននឹងរើបឡើងវិញ សន្សឹមៗ រហូតបានកំណើន ២,២ភាគរយ នាដំណាច់ឆ្នាំកន្លងទៅ។ ជំងឺរាតត្បាតជាដើមចមធំធ្វើ ឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែ ការពឹងផ្អែក ទៅលើផលិតផល, ទីផ្សារ និង ធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យកម្ពុជា ខ្វះជំហររឹងមាំសម្រាប់ ទប់ទល់ ទៅនឹងការអង្រួនដែលកើតមានចំពោះ សេដ្ឋកិច្ច នេះបើយោងតាមការលើកឡើងនៅក្នុង របាយការណ៍ក្រោមចំណងជើងថា “ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រ សម្រាប់ធ្វើពិពិធកម្ម លើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា” (Resilient Development, a Strategy to Diversify Cambodia’s Growth Model)។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើន ដោយចរីភាពវិញ ចាំបាច់ ត្រូវ ការ របៀបវារៈកែទម្រង់ ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោត ការយកចិត្តទុកដាក់លើ ការ បង្កើនសមត្ថភាព របស់ក្រុមហ៊ុន ពលករ និង ក្រុមគ្រួសារនៅកម្ពុជា, ពង្រឹង បទប្បញ្ញត្តិ ដើម្បី ឆ្លើយតបទៅនឹង សកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច, និង ការវិនិយោគថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលទ្រទ្រង់ដល់កំណើន ប្រកបដោយគុណភាព”។
លោកស្រី សាលីម ពោលបន្ថែមទៀតថា៖ “ចំណាត់ការគោលនយោបាយរយៈពេលខ្លី និង មធ្យមមួយចំនួន អាចមានប្រយោជន៍ដល់ យុទ្ធសាស្ត្រ ស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យ កម្ពុជា អាចកសាងសេដ្ឋកិច្ច បានមកវិញ កាន់តែរឹងមាំ ថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។”

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និង ទេសចរណ៍ មានទំហំ ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះ មានទីផ្សារ ធំ តែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលស្រូបយក ៦៩ភាគរយនៃបរិមាណទំនិញនាំចេញ ទាំងនោះ។ ផលិតភាពពលកម្មក៏នៅទាបដោយមកពីជំនាញនិងការបណ្តុះបណ្តាលនៅមានកម្រិត ហើយ “កត្តា ផលិតភាពសរុប” — ដែលជារង្វាស់សម្រាប់កំណត់មើលថាតើ ប្រទេសមួយ ប្រើប្រាស់មាន ប្រសិទ្ធផលកម្រិតណានូវពលកម្ម និង ដើមទុនរួមរបស់ខ្លួន — ក៏នៅទាបដែរ។ លើសពីនេះទៀត អត្រាប្រាក់ សន្សំក្នុងប្រទេសមានកម្រិត ទាប គួបផ្សំនឹង ការវិនិយោគក្នុងស្រុកនៅមានកម្រិតទាបផង ធ្វើ ឱ្យ កម្ពុជាត្រូវ ពឹងផ្អែកខ្លាំងទៅលើ ធនធានហិរញ្ញប្បទានពីខាងក្រៅ។
កម្ពុជា មាន ជម្រើសច្រើនសម្រាប់ ដោះស្រាយ បញ្ហាខ្វះពិពិធកម្មក្នុង សេដ្ឋកិច្ច និង សម្រាប់កសាងឡើងវិញឱ្យ កាន់តែប្រសើរជាងមុន។ ការ វិនិយោគទៅលើធនធានមនុស្ស, ការធ្វើឱ្យការបែងចែកធនធានឱ្យ កាន់តែមានប្រសិទ្ធផល តាមរយៈការ កែលម្អសមត្ថភាពស្ថាប័នទីផ្សារ , និងការ បង្កើនការគ្រប់គ្រង ការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោមជម្រើស ដែលអាចជួយជំរុញផលិតភាពក្នុង សេដ្ឋកិច្ច ។
ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុង ខ្សែច្រវាក់តម្លៃសាកល, ការបង្កើតតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម, និងការពង្រីកភាព ប្រកួតប្រជែងនៅក្នុង វិស័យសេវាកម្ម ក៏ នឹងអាចជួយធ្វើឱ្យការនាំចេញ កាន់តែមានភាពសម្បូវបែបផងដែរ។ ការវិនិយោគក្នុងស្រុក នឹងទទួលបានប្រយោជន៍ថែមទៀត ពីការលើកកម្ពស់ ការសន្សំប្រាក់ ក្នុងស្រុក ឱ្យមានកម្រិតកាន់តែខ្ពស់, ការលើកទឹកចិត្តដល់ការ វិនិយោគបរទេសនៅតាមវិស័យមានផលិតភាពខ្លាំងជាងគេ និងការពង្រីកលទ្ធភាពក្នុង ការស្វែងរកបានហិរញ្ញវត្ថុសម្រាប់ យកមកធ្វើ អាជីវកម្ម ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា