Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាព ដ៏គឃ្លើន ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជំលោះ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រ​ដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជំលោះ។ សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី៩ខែកក្កដានេះ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកថា ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែនជាមួយភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពាន​ការរំលោភបំពានមកលើបូរណភាពទឹកដី​របស់កម្ពុជា​ពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស ស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

សូមរំលឹកថា ជារូបភាពថ្មីមួយទៀតហើយ ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន ដោយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង ដឹកព្រះ២អង្គ បម្រុងមកដាក់នៅតំបន់ព្រំដែននាច្រកទ្វារអានសេះ ខេត្តព្រះវិហារ ប៉ុន្ដែត្រូវបានកម្លាំងទាហានកម្ពុជាហាមឃាត់ចំពោះសកម្មភាពនេះ។

បន្ទាប់ពីកម្លាំងទាហានកម្ពុជាដ៏អង់អាច ហាមឃាត់ទាហានឈុតខ្មៅថៃនោះ ភាគីទាំងពីរបានប៉ះគ្នាដោយសម្ដី និងតឹងសរសៃកដាក់គ្ន​ាមួយប្រាវ នៅច្រកទ្វារព្រំដែនអានសេះ ក្នុងភូមិសាស្ដ្រទឹកដីរបស់កម្ពុជា ដោយពួកក្រុមទាហានឈុតខ្មៅថៃ ប្រមាណ២០នាក់ ដើរចូលមកទឹកដីកម្ពុជា។

ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×