ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន លើការអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។
លើកលែងពន្ធគ្រប់ប្រភេទសម្រាប់ សកម្មភាពអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៦ខែ បន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដា្ឋនពន្ធដារ ឯកឧត្តម គង់ វិបុល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីពង្រឹងសក្តានុពលនៃ ចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់ឡើងវិញ និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងស្របនឹងនិន្នាការ សកលនិងតំបន់ ក្នុងនោះក៍មានការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យអចលនទ្រព្យ អាកាសចរណ៍ និងវិស័យទេសចរណ៍ ផងដែរ។ ដូចនេះ ដើម្បីឱ្យការផ្តល់សេវាជូនអ្នកជាប់ពន្ធមានភាពងាយស្រួល រហ័ស និងមានលក្ខណៈឯកភាពតែមួយ សូមលោក-លោកស្រី ចូលរួមអនុវត្ត ផ្សព្វផ្សាយ និងណែនាំដល់មន្ត្រីក្រោមឱវាទនូវវិធានការបន្ថែម ដូចខាងក្រោម៖

បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ (អាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើ ប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម ពន្ធកាត់ទុក អាករពិសេសលើទំនិញនិងសេវាមួយចំនួន អាករ សម្រាប់បំភ្លឺសាធារណៈ និងអាករលើការស្នាក់នៅ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី ភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយះពេល ៦ខែ បន្ថែមទៀត ដោយគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២២។
បន្តលើកលែងការបង់ពន្ធអប្បបរមា(Minimum Ta) សម្រាប់រយៈពេល ៦ខែ បន្ថែមទៀត ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២២ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល ក្នុងរយៈពេលនេះ មិនតម្រូវឱ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment of Ircome Tax) ទេ។
អង្គភាពពន្ធដារពាក់ព័ន្ធ ត្រូវណែនាំសហគ្រាសក្នុងការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធប្រចាំខែ និង ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing) ស្របតាមសេចក្ដីណែនាំ លេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើ កលែងនេះ និងត្រូវ ផ្តល់បង្កាន់ដៃពន្ធ-អាករបន្ទុករដ្ឋ ដើម្បីគោលដៅគ្រប់គ្រងចំណូលពន្ធ-អាករ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

