Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រកបរបរដាំស្វាយ មានសង្ឃឹមបង្កើនការនាំចេញទៅកាន់ទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប ខណៈក្រុមហ៊ុនជំនាញតម្រូវឲ្យធ្វើទំនើបកម្មស្វាយខុសរដូវ

ខេត្តកំពង់ស្ពឺ ៖ ដោយព្រួយបារម្ភអំពីអ្នកប្រកបរបរដាំស្វាយ ឬផលិតស្វាយ ក្នុងប្រទេសកម្ពុជា ខ្វះចំនួនស្វាយទៅតាមតម្រូវការក្នុងការបញ្ជាទិញនៃឈ្មួញនៅទីផ្សារក្រៅប្រទេសនោះ ក្រុមមន្រ្តីជំនាញកសិកម្ម រួមជាមួយមន្ត្រីទូតអាល្លឺម៉ង់ និងក្រុមហ៊ុននាំចេញស្វាយ បានជំរុញឱ្យកសិករត្រូវធ្វើទំនើបកម្មលើបច្ចេកទេសដាំស្វាយ ទាំងស្វាយធម្មតា និងស្វាយខុសរដូវឱ្យស្របតាមស្តង់ដារ គុណភាព និងភូតគាមអនាម័យ ជាពិសេស បង្កើនការដាំស្វាយខុសរដូវ ដើម្បីបង្កើនការនាំចេញឱ្យបានគ្រប់រដូវកាលទៅទីផ្សារអឺរ៉ុប និងបង្កើនតម្លៃបផងដែរ។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Richfarm Asia ខណ:ពេលដើរមើលចំការស្វាយ ជាមួយមន្ត្រីទូតអាល្លឺម៉ង់ និងមន្ត្រីជំនាញកសិកម្ម បានថ្លែងថា លោកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានចាប់អារម្មណ៍ និងសម្រុះសម្រួលឱ្យមានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាល្លឺម៉ង់បន្ថែមទៀតលើអ្វីដែលមានស្រាប់។ ហេតុនេះ រូបលោកសូមជំរុញឱ្យកសិករដាំស្វាយ ផ្លាស់ប្តូរពីការដាំដុះស្វាយធម្មតា មកធ្វើតាមបែបទំនើបកម្មវិញ និងបន្ថែមការដាំស្វាយខុសរដូវឲ្យបានចំនួនច្រើន ស្របតាមស្តង់ដារ តម្រូវតាមទីផ្សារនាំចេញ ដើម្បីកុំឱ្យពេលប្រមូលផល ខ្វះខាតចំនួនស្វាយ ព្រមទាំងតម្លៃចេះតែចុះទាបតាមមាត់ឈ្មួញ និងខ្លះទៀតបារម្ភពីការខ្វះខាតទីផ្សារ។

ការលើកកម្ពស់ផ្នែកកសិកម្មផលិតស្វាយបែបនេះ គឺធ្វើឡើងខណៈដែលក្រុមមន្រ្តី ជំនាញកសិកម្ម ក្រុមអ្នកប្រកបរបរដាំស្វាយជាច្រើននាក់ និងមន្ត្រីទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងក្រុមហ៊ុននាំចេញស្វាយមួយចំនួន បានចុះធ្វើទស្សនកិច្ចនៅចម្ការស្វាយ រិចហ្វាមជម្ពូព្រឹក្ស ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

លោកឧកញ៉ាម្ចាស់ចម្ការស្វាយ រិចហ្វាមជម្ពូព្រឹក្សរូបនេះ បង្ហាញថា ក្នុងមួយឆ្នាំៗ ស្វាយកម្ពុជាទទួលបានទិន្នផលប្រមាណជាង ១លានតោន ឬទៅជិត២លានតោន ប៉ុន្តែស្វាយទាំងនោះហាក់មិនទាន់ឆ្លើយតបតាមស្តង់ដារនៅឡើយទេ ជាពិសេសស្វាយដែលមានស្តង់ដារនាំចេញទៅអឺរ៉ុប។

ជាមួយនឹងការអំពាវនាវដល់ក្រុមអ្នកប្រកបរបរដាំស្វាយឱ្យពង្រីក និងធ្វើទំនើបកម្មផ្លែស្វាយនេះទៀតសោត សម្រាប់រូបលោក គឺបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីអភិវឌ្ឍន៍ដំណាំស្វាយនេះ ឱ្យត្រូវជាមួយស្តង់ដារនៃការនាំចេញ ក្នុងនោះដែរ លោកបានជ្រើសរើសយកចម្ការស្វាយរិចហ្វាមជម្ពូព្រឹករបស់លោក ពីចម្ការស្វាយធម្មតា ទៅជាលក្ខណៈចម្ការស្វាយមានប្រព័ន្ធទំនើបកម្ម ដែលនាំយកបច្ចេកទេសពីប្រទេសអ៊ីស្រាអែល ហើយលោកក៏បាននិងសហការជាមួយកសិករ ដើម្បីពង្រឹងទៅលើការធ្វើទំនើបកម្មដំណាំស្វាយឲ្យកាន់តែមានទិន្នផលខ្ពស់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនាំចេញទៅកាន់ ទីផ្សារ អឺរ៉ុប និងអាល្លឺម៉ង់។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Richfarm Asia និងជាម្ចាស់ចម្ការស្វាយដ៏ធំមួយរូប បានគូសបញ្ជាក់ថា បានជាលោកអំពាវនាវឲ្យធ្វើទំនើបកម្មលើដំណាំស្វាយបែបនេះ គឺដោយសារយើងចង់បានស្វាយដែលមានស្តង់ដារខ្ពស់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហេតុនេះបានជាថ្ងៃនេះយើងមានការរៀបចំធ្វើជាគម្រូ ក្នុងការបង្ហាញទៅដល់មន្ត្រីទូត គណៈប្រតិភូ ក៏ដូចជាសហគមន៍កសិករ មកពី៥ខេត្ត ធ្វើការពិនិត្យផ្ទាល់តែម្តង ហើយយើងមានធ្វើបទបង្ហាញពីការផលិតដាំស្វាយខុសរដូវ ក៏ដូចជាការគ្រប់គ្រងការប្រើប្រាស់ធាតុចូលនៃកសិកម្មទៅលើដំណាំស្វាយនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×