ភ្នំពេញ ៖ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានអំពាវនាវឲ្យយុវជន យុវតីគ្រប់ៗគ្នា កុំយល់ច្រឡំថា ទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ (Valentine’s Day) ជារបស់ខ្មែរ មានយុវវ័យ យុវតីមួយចំនួនតូចកំពុងតែយល់ច្រឡំថា ថ្ងៃទិវាសេចក្តីស្រឡាញ់ គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ប្រាស់ចាកពីវប្បធម៌ប្រពៃណីខ្មែរ និងសូមលះបង់នូវវប្បធម៌បរទេសណាដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់យើងផ្ទាល់ ប៉ះពាល់សេចក្តីថ្លូរដល់សង្គមគ្រួសារ ក៍ដូចជាសង្គមជាតិទាំងមូល។

លោកស្រីកាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ថា ទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាវប្បធម៌ខ្មែរទេ យុវជនត្រូវខិតខំរៀនសូត្រឲ្យក្លាយជាពលរដ្ឋល្អ សិស្សល្អ យុវជនគ្រប់ៗគ្នាសូមផ្តល់សេចក្តីស្រឡាញ់ពេញមួយជីវិតរបស់យើងជូនចំពោះអ្នកមានគុណរបស់យើងមានដូចជា៖ លោកគ្រូ អ្នកគ្រូ មិត្តជិត ឆ្ងាយ អ្នករួមការងារ បងប្អូន លោកឪពុក អ្នកម្តាយ ជីដូន ជីតារបស់យើង និងមានវប្បធម៌ ចែករំលែកនូវសេចក្តីស្រឡាញ់ដល់អ្នកទន់ខ្យោយ នៅក្នុងសង្គម ឬសហគមន៍។
ការបញ្ជាក់នេះ នៅក្នុងឱកាសអប់រំសិស្សានុសិស្ស នៃវិទ្យាល័យឬស្សីកែវ នៅព្រឹកថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ទិវាបុណ្យនៃសេចក្តីស្រឡាញ់ (Valentine’s Day) ជាពិធីបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាមានយុវវ័យមួយចំនួនតូច កំពុងតែយល់ច្រឡំថាថ្ងៃ Valentine’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ប្រាស់ ចាកពីវប្បធម៌ប្រពៃណីខ្មែរ។
លោកស្រី កាន់ រតនៈឧប្បុល មានប្រសាសន៏លើកឡើងថា ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ មិនមែនជាវប្បធម៌ ប្រពៃណី ខ្មែរទេគឺជាវប្បធម៌ហូរចូលមកពីបច្ចឹមប្រទេស បានធ្វើឲ្យ យុវជនមួយចំនួនយល់ច្រឡំ ហើយជារៀងរាល់ឆ្នាំមនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្ត របស់ខ្លួន ចំពោះអ្នកដែលស្រឡាញ់ តាមរយៈការ ទិញកាដូបាច់ផ្កា ឬចំណាយពេល ទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងសប្បាយ ដោយមើលរំលងនូវវប្បធម៌ប្រពៃណីរបស់បុព្វបុរសយើងដ៍ល្អផូរផង់ ។

ជាមួយគ្នានេះ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានអំពាវនាវដល់យុវជនគ្រប់ៗគ្នាសូមលះបង់នូវវប្បធម៌បរទេសណាដែល ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់យើងផ្ទាល់ប៉ះពាល់សេចក្តីថ្លូរដល់សង្គមគ្រួសារ ក៍ដូចជាសង្គមជាតិទាំងមូល។ យុវជនត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណីរបស់ដូនតាយើង និងបន្តផ្សព្វផ្សាយនូវវប្បធម៌អរិយធម៌ ដែលជាមរតក របស់ដូនតាយើងទៅកាន់ពិភព លោកឲ្យគេបានស្គាល់ គ្រប់ជាតិសាសន៍កម្ពុជាគឺ”ប្រទេសអច្ឆរិយៈ”ដូចសម័យមហានគរដ៍រុងរឿង។ ជាពិសេសយុវជនសូមបន្តចែករំលែកសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាការជួប ជុំគ្នាចែករំលែកចំណេះដឹង ដល់មិត្ត ដែលជាការរួមចំណែកបង្កើនសមត្ថភាពធនធានមនុស្ស ប្រសើរជាងការនាំគ្នាទទួលយកវប្បធម៌បរទេស ដែលអាចបណ្តាឲ្យប៉ះពាល់នូវសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានោះដែរសូមយើងទាំងអស់គ្នាប្រកាន់ឲ្យបានត្រឹមត្រូវនូវវិធានការណ៍អនាម័យ ណែនាដោយក្រសួងសុខាភិបាល “៣កុំ៣ការពារ”យើងចៀសផុតពីការឆ្លងជំងឺកូវីដ១៩ សហគមន៍ក៍ដូចជាកន្លែងធ្វើការងារ គ្រឹះស្ថានសិក្សានានា និងគ្រួសារគ្មាន ជំងឺកូវីដ១៩។
ចំណែកលោក ង៉ែត ចន្ទសុខ ប្រធានការិយាល័យអប់រំយុវជននៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងថា យុវជនត្រូវរៀនដើម្បីចំណេះដឹង ជំនាញ បំនិនដើម្បីស្របតាមសត្សវតរ៏ទី២១យុវជនម្នាក់មានជំនាញមួយយ៉ាងតិច តម្រូវឲ្យយុវជនទាំងអស់អនុវត្តតាម ។យុវជនត្រូវគោរពតាមទំនៀបទំលាប់ប្រពៃណីខ្មែរ ត្រូវចូលរួមចំពោះជោគវាសនាជាតិ។ រាជរដ្ឋាភិបាលបានប្រគល់ឲ្យមន្ទីរកិច្ចការនារី សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ធ្វើការអប់រំដល់យុវជនពីការយល់ដឹងពីវប្បធម៌ប្រពៃណីខ្មែរ ។

លោកបញ្ជាក់ថា សេចក្តីស្រឡាញ់មានចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លា.ប់ ដោយមិនចង់ឲ្យអ្នកស្រឡាញ់ បែកចេញពីក្រុមគ្រួសារឡើយ។ សេចក្តីស្រឡាញ់ មិនមែនមាន តែមួយថ្ងៃ នៅថ្ងៃទី១៤កុម្ភៈនោះទេ គឺជាវប្បធម៌បរទេស មិនមែនជាថ្ងៃទទួលផ្កាកូឡាបមួយទងនោះ។សូមធ្វើឲ្យថ្ងៃ១៤កុម្ភៈជាថ្ងៃសេចក្តីស្រឡាញ់ក្រុមគ្រួសារ ឪពុកម្តាយ ជីដូន ជីតា សង្គមជាតិ ហើយត្រូវនិយាយថា”កូនស្រឡាញ់ម៉ាក់ ប៉ា” ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់។
រីឯលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថា បុណ្យសេចក្តីស្រឡាញ់មិន មែនជាប្រពៃណីខ្មែរទេ ។យុវជនមិនភ្លើតភ្នើន ដែលធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណីខ្មែរនោះទេ ត្រូវខិតខំរៀនសូត្រ ឲ្យក្លាយជាយុវជនល្អ សិស្សពូកែ ចូលរួមកសាងសង្គមជាតិ និងសហគមន៏យើងរស់នៅ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
